ខេត្តព្រះសីហនុ ៖ លោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហោះសារនៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងផេកផ្ទាល់របស់លោកថា ការចុះផ្សាយរបស់សារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះរូបភាពទាក់ទងមានជនមួយក្រុម មានចាក់សាក់ពេញខ្លួន និងកាន់ដាវ ថាក្រុមនោះ ឬរូបថតនោះនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់មកនេះ។ ពេលនេះត្រូវបាន លោក ជួន ណារិន្ទ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានចេញសារបង្ហោះតាមបណ្តាញសង្គមបញ្ជាក់ថា រូបថតទាំងនោះ មិនមែននៅក្នុងប្រទេសកម្ពុជាទេ។
លោក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពរាយការណ៍ជូនសាធារណៈជន មេត្តាជ្រាបថា កាលពីថ្មីៗកន្លងមកនេះ មានសារពត៌មានមួយចំនួនតូច បានបង្ហោះថារូបភាព របស់ក្រុមមនុស្សប្រុស១ក្រុម ដែលមានសាក់រូបពេញខ្លួននោះ គឺជាក្រុមជនជាតិចិននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា តាមពិតក្រុមទាំងនោះ ជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះ ធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុក របស់ពួកគាត់ ប៉ុន្តែជាអកុសលត្រូវសារព័ត៌មានមួយក្តាប់តូច បានព្យាយាមបំពុលសង្គមខ្មែរឱ្យអាប់អ៊ួមិនស្រាកស្រាន្ត។
លោក ជួន ណារិន្ទ បានឱ្យដឹងដូច្នេះ រួចបញ្ជាក់ថា រឿងខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពរាយការណ៍ជូនដល់សារធាណៈ ឱ្យពិនិត្យយកចិត្តដាក់ឱ្យបានច្បាស់លាស់ជាមុនៗ វាយតម្លៃ និងសូមឱ្យបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ ក្នុងការលើកតម្កើងថែរក្សាកិត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងទាំងមូលឱ្យបានទាំងអស់គ្នា៕