ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវឲ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគទៅវិញទៅមក ដើម្បីឈានទៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ពាន់លានដុល្លារ ដែលបានកំណត់កាលពីឆ្នាំ២០១៥ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ការអំពាវនាវរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្នុងឱកាសចូលរួមបិទវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលរៀបចំឡើងនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រីវៀតណាម។
បច្ចុប្បន្នវៀតណាម គឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម នៅប្រទេសកម្ពុជា មានប្រមាណ ២០៦គម្រោង ស្មើនឹងទឹកប្រាក់ ៣,០២ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេសវៀតណាម មានត្រឹមតែ ១៨គម្រោង ស្មើនឹងទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ៕