ភ្នំពេញ ៖ ករណីផ្ទុះអាវុធបណ្តាលឲ្យបុរសម្នាក់ជាកងអង្គរក្សរងរបួសត្រង់ភ្លៅនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដោយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កាលពីកន្លងទៅនោះកំពុងកើនកម្តៅយ៉ាងខ្លាំងក្នុងបណ្តាញព័ត៌មានសង្គមហ្វេសបុកឆ្លើយឆ្លងគ្នាយកត្រូវរៀងៗខ្លួន។ ទោះបីជាយ៉ាងនេះក្តីនៅព្រឹកថ្ងៃទី០៩ធ្នូ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ថា ករណីបានដោះស្រាយបញ្ចប់រួចរាល់អស់ហើយ។ នាយឧត្តមសេនីយ៍ ស ថេត បន្តថាអ្នកសារព័ត៌មានខ្លះកំពុងតែមានចេតនាផ្សាយញុះញង់ ធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងមានសមត្ថកិច្ចរបស់លោក។
លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានលើកឡើងអំពីមូលហេតុថា គ្មានកម្លាំងសមត្ថកិច្ចណានៅសុខៗដើរបាញ់នោះទេ រឿងហ្នឹងគឺផ្តើមចេញពីការហូបចុកហើយគាត់មានអាវុធនៅនឹងខ្លួនទោះបីជាគាត់មានសំបុត្រស្នាមប្រើប្រាស់ក៏ដោយ ហើយគាត់ដកសំញ៉ែងបង្ហាញធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋក៏បានប្តឹងមកដល់សមត្ថកិច្ចខណ្ឌដង្កោ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលក៏ចុះទៅក្នុងកិច្ចប្រតិបតិ្តការ នៅពេលដែលចុះក៏មិនបានដឹងថាគាត់នឹងជាកងកម្លាំងដែរទេ ហើយគាត់ក៏បានជិះម៉ូតូរត់ទៅ សមត្ថកិច្ចក៏ដេញតាមហើយបានបាញ់ឡើងលើដើម្បីឲ្យគាត់ឈប់ តែគាត់ក៏មិនឈប់ហើយគាត់ក៏ដកអាវុធពីចង្កេះគាត់ សមត្ថកិច្ចក៏បាញ់ដីប៉ុន្មានគ្រាប់ទៀតក៏ខ្ទាត់ផ្លាតគ្រាប់ត្រូវភ្លៅគាត់ទៅ។ ហើយរឿងនេះក៏បានដោះស្រាយបញ្ចប់ផងដែរ មិនមានការប្តឹងផ្តល់អ្វីទេ។
ទោះបីជាមានការបញ្ជាក់យ៉ាងនេះក្តីពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បើតាមប្រភពបានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន មេបញ្ជាការកងអនុសេនាធំការពារផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ទឹតក៏បានបញ្ជាក់ថា លោកនឹងប្តឹងករណីបាញ់មកលើកូនប្រុសរបស់លោកដោយគ្មានកំហុសទៅតុលាការ។ បើទោះបីជាមានវត្តមានលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌដង្កោបានចុះទៅសួរសុខទុក្ខកូនប្រុសគាត់ដល់មន្ទីរពេទ្យក៏ដោយ លោកមិនអត់ឱនឲ្យបានទេ។
ដោយឡែកប្រភពពីអធិការរងខណ្ឌបាននិយាយថា ទទួលបានរាយការណ៍ពីពលរដ្ឋថាមានមនុស្ស១ក្រុមបានអាម៉េកាំភ្លើងបង្អួតគ្នានៅក្នុងហាងម្លប់ស្វាយ ពេលនោះលោកក៏បានបញ្ជាឲ្យកម្លាំងចុះត្រួតពិននិត្យមើល ហើយឲ្យមានការប្រុងប្រយ័ត្នផង ព្រោះគេមានអាវុធ។ ពេលនោះគេមិនឈប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ ព្យាយាមជិះម៉ូតូរត់រហូតដល់មុខផ្សារដីថ្មីក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យតាមច្រកតូចសមត្ថកិច្ចក៏បាញ់ឡើងលើ៤គ្រាប់ ជនសង្ស័យក៏ដកកាំភ្លើងតែមិនបានបាញ់ទេ សមត្ថកិច្ចក៏បាញ់ផ្ជុចដីក៏ផ្លាតគ្រាប់ត្រូវភ្លៅ។
គួររំលឹកផងដែរថា ករណីផ្ទុះអាវុធបណ្តាលឲ្យបុរសម្នាក់ជាកងអង្គរក្សរងរបួសនោះ បានកើតឡើងនៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅមុខផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដេញតាមជនសង្ស័យ ពីម្តុំមុខវត្តកំពែង សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយសង្ស័យជាមុខសញ្ញា។ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចអះអាងថា ពួកគេមិនបានឈប់ឲ្យត្រួតពិនិត្យ និងបានជិះម៉ូតូរត់គេចខ្លួន៕