ក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ធ្នូ ២០១៨ នេះ បានប្រារព្ធពិធីប្រគល់ពានរង្វាន់ និងថវិកា ជូនដល់កីឡាករដែលទទួលជ័យលាភីលេខ ១ ២ និងលេខ៣ ចំនួន១២រូប ដែលបានទទួលជ័យជម្នះក្នុងការប្រកួតនៅដំណាក់ទី១ ពីទីក្រុងប៊ិញឡុង វៀតណាម មកដល់ខេត្តក្រចេះ ដែលក្នុងនោះក៏មានកីឡាករកម្ពុជាដែរ។ ពីធីនេះ ក៏បានបើកព្រឹត្តិការប្រកួតដំណាក់ទី២ ផងដែរ គឺចេញដំណើរពីខេត្តក្រចេះ ឆ្នោះទៅខេត្តស្ទឹងត្រែង រួចបន្តឆ្លងទៅប្រទេសឡាវ ដែលជាដំណាក់ការទី៣ ហើយនៅប្រទេសឡាវ គេនឹងបើកព្រឹត្តិការណ៍ប្រកួតប្រណាំងបន្តឆ្ពោះទៅប្រទេសវៀតណាមវិញ ដែលជាគោលដៅចុងក្រោយនៃការប្រណាំងកង់មិត្តភាពកម្រិតអន្តរជាតិនេះ។
សូមបញ្ជាក់ថា ព្រឹត្តិកាណ៍ប្រណាំងកង់លក្ខណៈអន្តរជាតិជាលើកដំបូងនេះ មានកីឡាករបីប្រទេសចូលរួមចំនួន ៦៤នាក់ គឺកម្ពុជា វៀតណាម ឡាវ មានរយៈពេល១២ថ្ងៃ ដោយបានចេញដំណើរនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ពីប្រទេសវៀតណាម និងបានមកដល់ទីក្រុងក្រចេះ ខេត្តក្រចេះ នៅម៉ោង១១ និង៣០នាទី ថ្ងៃដដែល ក្នុងចម្ងាយផ្លូវ ១៤៤ គឺឡូម៉ែត្រ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ បានមានប្រសាសន៍ថ្លែងអំណគុណដល់អគ្គនាយកវិទ្យុសម្លេងទីក្រុងហូជីមីញ VOH ដែលបានផ្តួចផ្តើមគំនិតនេះឡើង ដើម្បីអោយពលរដ្ឋក្នុងខេត្តក្រចេះ បានឃើញពីរបៀបរបប នៃការប្រណាំងកង់ខ្នាតធំកម្រិតអន្តរជាតិ មានចំងាយផ្លូវសរុបជិត២.០០០គឺឡូម៉ែត្រ វិលជុំពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា ឡាវ និងបន្តឆ្ពោះទៅប្រទេសវៀតណាមវិញ។ លោកថា អ្វីដែលគួរឲ្យស្ងើចសេសើរនាពេលនេះ គឺកីឡាករទាំងអស់ នៅតែមានទឹកមុខញញឹមរីករាយសប្បាយ ហាក់ដូចជាគ្មានការនឿយហត់ក្នុងធាក់កង់ការប្រណាំងនោះឡើយ។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ការប្រណាំងកង់នេះ គឺបានបន្ថែមនូវការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជននៃប្រទេសជិតខាងឲ្យកាន់តែមានភាពជិតស្និត ហើយក៏ជាការចូលរួមអបអរសារទរ នាទិវាជាប្រវត្តិសាស្ត្រជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ នៅតែចង់ ចាំជានិច្ច ដែលឈានចូលមកដល់នាឆាប់ៗខាងមុខនេះផងដែរ៕ ដោយ ៖ ផល្លា