ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ នេះ ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់របស់កាសែត ឌឺខេមបូឌាដេលី ដែលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយ សារតែជំហររិះគន់រដ្ឋាភិបាល។
ក្រសួងការបរទេសបន្តថា នេះជាការចោទប្រកាន់ដោយគ្មានការពិត និងគ្មានសច្ចភាពនោះឡើយ ។ក្នុងលិខិតក្រសួងការបរទេស បានបញ្ជាក់ថា អង្គភាពកាសែត ឌឺខេមបូឌា ដេលី ផ្សព្វផ្សាយជាភាសាខ្មែរ និងបរទេសជាច្រើន ដែលបានអនុវត្តតាមទាំងស្រុងចំពោះច្បាប់ជាធរមាន បានបន្តប្រតិបត្តិការផ្សព្វផ្សាយ និងប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ខ្លួន ដោយគ្មានការរំខាន។
យ៉ាងណាក៏ដោយ ក្រសួងការបរទេស ក៏រំលឹកផងដែរថា យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ សារព័ត៌មាន ឌឺខេមបូឌាដេលី បានដំណើរការអាជីវកម្មរបស់ខ្លួនចាប់ពីឆ្នាំ២០០៧ មក ដោយមិនបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះឡើយ៕