ភ្នំពេញ ៖ លោក ឈាង វុន ប្រធានគណៈកម្មាការទី៥ នៃរដ្ឋសភា និងជាសមាជិកគណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពន្យល់ថា “ករណីលោក កឹម សុខា គឺមានពីរ
ករណី។ ទី១. ការចោទប្រកាន់ពីទោសក្បត់ជាតិ ពីការឃុបឃិតជាមួយបរទេស គេយកច្បាប់ព្រហ្មទណ្ឌមកអនុវត្ត និងទី២ គាត់ជាអតីតអ្នកដឹកនាំរបស់គណបក្សនយោបាយ ដែលត្រូវបានឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ”។
លោកបន្ដថា “ករណីពីរនេះ ចែកឲ្យដាច់ពីគ្នា។ បើសិនជាយើងធ្វើច្បាប់នេះ គឺយើងធ្វើច្បាប់ទៅឲ្យតែ១១៧នាក់នោះរួចខ្លួន… ប៉ុន្តែរឿងចោទប្រកាន់លោក កឹម សុខា ជារឿងដាច់ដោយឡែកមួយទៀត ជារឿងដែលតុលាការនៅតែតាមដានស៊ើបអង្កេត បន្តនៅឡើយ វាខុសពីច្បាប់គណបក្សនយោបាយ ក្នុងមាត្រា ៤៥ថ្មី (ស្ទួន)”។
សូមជម្រាបថា ការបញ្ជាក់របស់លោក ឈាង វុង យ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ៕