ភ្នំពេញ ៖ អ្នកស្រី Deborah Krisher Steele ម្ចាស់កាសែត The Cambodia Daily បានអះអាងជាថ្មីថា កាសែតមួយនេះ នឹងមិនវិលត្រឡប់មកកម្ពុជាដើម្បីបន្តការផ្សាយរបស់ខ្លួនឡើងវិញនោះឡើយ។
អ្នកស្រីចាងហ្វាងកាសែត រូបនេះ លើកឡើងថា The Cambodia Daily នឹងបន្តការផ្សាយជាថ្មីរបស់ខ្លួននៅលើបណ្តាញ អ៊ិនធឺណេត វិញម្តង ហើយរហូតមកទល់ពេលនេះ សារព័ត៌មានរបស់អ្នកស្រី កំពុងទទួលបានការស្វាគមន៍ និងការចូលមើលច្រើនពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក។
អ្នកស្រីម្ចាស់ស្ថាប័នកាសែត បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា នឹងមិនវិលត្រឡប់មកកម្ពុជាវិញនោះទេ ដោយបញ្ជាក់ថា ច្បាប់របស់កម្ពុជាមិនទាន់រឹងមាំល្អ ពោល ការអនុវត្តនយោបាយចាប់ហើយដោះលែងវិញ ការធ្វើទុក្ខបុកម្នេញដដែលៗ អំពើពុករលួយ ការប្រើប្រាស់ស្ថាប័នពន្ធដារ និងតុលាការជាឈ្នាន់ ដើម្បីគំរាមកំហែងខាងផ្នែកនយោបាយដល់ស្ថាប័នសារព័ត៌មាន។
គួរជម្រាបថា កន្លងមករដ្ឋាភិបាលបានចោទប្រកាន់ថា សារព័ត៌មាន The Cambodia Daily បានដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មក ដោយមិនបានបង់ពន្ធនោះឡើយ ដែលពន្ធទាំងនោះមានទឹកប្រាក់ដល់ជាង ៦លាន ៣សែន ដុល្លារអាមេរិក ហើយថា The Cambodia Daily អាចដំណើរការឡើងវិញបាន លុះត្រាតែព្រមដោះស្រាយបំណុលពន្ធដាររួចរាល់៕