ភ្នំពេញ ៖ រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះ ជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្រោមសំឡេងតំណាងរាស្ត្រ ១១៥/១១៥។
សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយសម្រួល ដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយ កន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនានានៅកម្ពុជា ដូចជា វិទ្យុសំឡេងសហ រដ្ឋ អាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) កាសែត Cambodia Daily អង្គការសង្គមស៊ីវិល និង សហជីពជាដើម៕