អាមេរិក ៖ តុលាការសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ម្សិលមិញនេះ បានសម្រេចផ្តន្ទាទោសអតីតមេធាវីរបស់លោក Donald Trump គឺលោក Michael Cohen ឱ្យជាប់ពន្ធនាគារ៣ឆ្នាំពីបទឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុ និងនិយាយកុហកសភាអាមេរិកទាំង ២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channel news asia ។
លោក Cohen បានសម្ដែងការសោកស្ដាយ និងសុំទោសទៅកាន់ចៅក្រមលោក William H. Pauley នៅក្នុងសវនាការផងដែរ និងទទួលខុសត្រូវលើបទឧក្រិដ្ឋជាច្រើនក្នុងនោះរួមមាន ការគេចពន្ធ ការនិយាយកុហកសភា និងការបង់ប្រាក់រាប់សែនដុល្លារ ដើម្បីបិទមាត់អតីតតារាអាសអាភាសអាមេរិកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទជាមួយលោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា លោក Michael Cohen ត្រូវបានគេរាយការណ៍ថា បានផ្ដល់ព័ត៌មានជាច្រើនដល់ក្រុមអ្នកស៊ើបអង្កេតពាក់ព័ន្ធនឹងលោក ត្រាំ និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ ប៉ុន្តែក្រុមរដ្ឋអាជ្ញាធរបានបដិសេធប្រាប់ពីអ្វីដែលពួកគេបានដឹងពីអតីតមេធាវីរូបនេះ៕