ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានសម្រេចផ្តល់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងកែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ ពីអ្នកលឿងទៅបាវិត និងកំណាត់ផ្លូវជាតិលេខ៦ ពីសៀមរាប ទៅ ក្រឡាញ់ ដែលមានប្រវែងជាង ១៤៥.៥៨គីឡូម៉ែត្រ។
នៅក្នុងពិធីពិធីចុះហត្ថលេខាផ្តល់ និងទទួលកម្ចីនេះ នៅថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ថវិកានេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់លើកកម្រិតផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿងទៅបាវិត (គីឡូម៉ែត្រលេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រលេខ ១៥៩+០០០) ពីកម្រាលកៅស៊ូ DBST នាពេលប្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC និងជួសជុលផ្លូវជាតិលេខ៦ ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ (គីឡូម៉ែត្រលេខ៣១៧+៦៣០ ដល់គីឡូម៉ែត្រលេខ៣៦៧+៥១២) ដែលបច្ចុប្បន្នមានកម្រាលកៅស៊ូ AC ស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។
លោក រដ្ឋមន្ត្រីបានបន្ថែមថា កំណាត់ផ្លូវទាំងពីរនេះ នឹងធ្វើការលើកកម្រិតដោយការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុបប្រើពេល៥៤ខែ ដែលនឹងចាប់ផ្តើមការដ្ឋានពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣។
លោក ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈថវិកាកម្ចីនេះ ក៏នឹងមានការស្ថាបនាមន្ទីរពិសោធន៍សម្ភារៈសំណង់ចំនួន៤កន្លែង នៅខេត្តក្រចេះ កំពត សៀមរាប និងពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់ឲ្យកាន់តែមានគុណភាពរឹងមាំល្អ។
លោករដ្ឋមន្ត្រី ស្នើឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមថែរក្សា និងគោរពច្បាប់ចរាចរផ្លូវគោគបានកំណត់ គឺ កុំបើកបរ ហួសល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរត្រូវពាក់មួក និងខ្សែក្រវ៉ាត់ កុំផ្ទុកលើសទំងន់កំណត់ ត្រូវរួមគ្នាថែរក្សាផ្លូវថ្នល់ ដែលជាសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕