ភ្នំពេញ ៖ គណៈកម្មការមូលបត្រកម្ពុជានៅថ្ងៃសុក្រទី១៤ ខែធ្នូ នេះ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំ “កិច្ចសហប្រតិបត្តិការទីផ្សារមូលធន ក្នុងតំបន់ទន្លេមេគង្គលើកទី៨ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសថៃ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ប្រទេសជាសមាជិកធ្វើការចែករំលែកបទពិសោធន៏ថ្មីៗ រួមមានៈ ការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិពាក់ព័ន្ធ បញ្ហាប្រឈម ក្នុងការអភិវឌ្ឍទីផ្សារមូលធន និងការពិភាក្សា វែកញែករកវិធីសាស្ត្រ ក៏ដូចជាតាមដានការងារដែលបានដាក់ចេញកន្លងទៅ ព្រមទាំងការងារដែលត្រូវអនុវត្តបន្ត ដើម្បីឱ្យប្រទេសសមាជិកទាំងអស់ទទួលបាននូវការអភិវឌ្ឍទីផ្សារមូលធនប្រកបដោយចីរភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់ទីផ្សារនៅក្នុងប្រទេសជាសមាជិកក្នុងតំបន់ និងអន្តរជាតិ។
សូមជម្រាបជូនថា៖ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការទីផ្សារមូលធនក្នុងតំបន់ទន្លេមេគង្គ ត្រូវបានចាប់ ផ្តើម ឡើងនៅក្នុងឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់និយ័តករមូលបត្រ នៃ ប្រទេសអនុតំបន់ ទន្លេមេគង្គចំនួន ៥ ជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេស ថៃ។
កិច្ចប្រជុំ“កិច្ចសហប្រតិបត្តិការទីផ្សារមូលធនក្នុងតំបន់ទន្លេមេគង្គលើកទី៨នេះប្រព្រឹត្តទៅ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា មានការ ចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រ និងវាគ្មិនដែលមានបទពិសោធន៍អនុវត្តជាក់ ស្តែងនៅក្នុង វិស័យមូលបត្រ និងវិនិយោគផ្សេងៗយូរឆ្នាំ នៅក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ។ លើសពីនេះ កិច្ច ប្រជុំក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នាពហុភាគីស្តីពី “កិច្ចសហ ប្រតិបត្តិការ និងការ អភិវឌ្ឍទីផ្សារមូលធននៅក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ” រវាងនិយ័តមូល បត្ររបស់ប្រទេសជា សមាជិកទាំង ៥ ផងដែរ៕