ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងជាកម្មករកាប់អំពៅម្នាក់ បានស្លាប់យ៉ាងអណោចអធម៌ ដោយសារតែសំរាកពីការងារហើយចូលទៅដេកក្នុងរងអំពៅហើយត្រូវបានម៉ាស៊ីនកាត់អំពៅ កាត់ចំបណ្តាលអោយខ្ទេចខ្ទីសាច់អស់ ដូចកំណាត់អំពៅអញ្ចឹង ប៉ុន្តែត្រូវបានលោក ហ៊ុន សុខហុន អធិការស្រុកថ្ពងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយបានហាមឃាត់មិនអោយអ្នកណាម្នាក់ថតយករូបភាពនេះឡើយ ដើម្បីងាយស្រួលបិទបាំងរឿងមួយនេះកុំអោយដឹងដល់ក្រុមអ្នកសារព័ត៌មាននានា ដែលសូម្បីតែលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺក៏លោកមិនបានដឹងរឿងនេះដែល ។
ហេតុការណ៍ម៉ាស៊ីនកាត់អំពៅកាត់បណ្តាលអោយនារីម្នាក់ស្លាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងចំការអំពៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ឈ្មោះស៊ុន លី អាយុ ជាង៥០ឆ្នាំ រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺនិងឈ្មោះរី ភេទស្រី អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយតាមទូរសព្ទ័អោយដឹងថា នារីរងគ្រោះខាងលើនោះមានឈ្មោះ វ៉ន រិ ក្រៅហៅថា អិត អាយុ១៨ឆ្នាំ ជាកម្មករចំការអំពៅ មានម្តាយឈ្មោះ វ៉ាន់ វន អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
របាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះខាងលើ បានទៅបំពេញការងារជាកម្មករកាប់អំពៅដូចធម្មតា ស្រាប់តែដល់ម៉ោងសំរាក នារីរងគ្រោះបានទៅសំរាកនៅក្នុងរងអំពៅ លុះដល់ពេលម៉ាស៊ីនកាត់អំពៅនោះ ចេញដំណើរធ្វើការងារ មិនបានដឹងក៏កាត់ចំនារីខាងលើដែលកំពុងតែដេកក្នុងរងបណ្តាលឲ្យដាច់ខ្លួនជាកង់ៗ យ៉ាងអាណោចអាធម៌ ។ ក្រោយកើតហេតុភ្លាមៗគេឃើញមានលោកហ៊ុន សុខហុន អធិការនគរបាលស្រុកឱរ៉ាល់ចុះទៅដល់កន្លែងកើតហេតុភ្លាមៗព្យាយាមលាក់បាំងព័ត៌មាននិងហាមមិនអោយកម្មករ ថតរូបផ្តេសផ្តាសឡើយ។ មិនដឹងថា លោកអធិការនគរបាលស្រុកថ្ពង បានរាយការណ៍ទៅលោកស្នងការនគរបាលខេត្តឬទេ?។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នេះ អ្នកយកព័ត៌មាន បានសួរទៅលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តលោកបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មាននោះទេ លោកអធិការមិនរាយការណ៍អោយ។មិនដឹងថាលោកអធិការនគរបាលស្រុកថ្ពង ហ៊ុន សុខហុន មានអំណាចលើសលោកឧត្តមសេនីយ៍ទោ សម សាមួន ទៀតផងមើលទៅបានជារឿងករណីស្លាប់មនុស្សមួយទាំងមូលលាក់បាំងថ្នាក់លើនិងក្រុមអ្នកសារព័ត៌មាននោះ។
គួររំលឹកផងដែលថាកន្លងមកលោកហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ធ្លាប់មានរឿងជាច្រើនរហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតបញ្ជាដកតំណែងលោកអធិការនគរបាលរូបនេះ ប៉ុន្តែមិនដឹងថា លោក ហ៊ុន សុខហុន មានខ្នងបង្អែកប៉ុណ្ណាទេ ទើបដកមិនចេញពីតំណែង ហើយករណីមនុស្សស្លាប់នៅក្នុងចំការអំពៅមនេះទៀតសោត ក៏លោកអធិការនគរបាលស្រុកថ្ពង ហ៊ុន សុខហុន មិនរាយការណ៍អោយលោកស្នងការនគរបាលខេត្តដឹងនោះទេ ហើយមិនដឹងថា តើលោក មានបំណងអ្វី?៕