ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពបង្ហោះវីដេអូកាត់តអំពីរឿងជនជាតិចិនកាប់ចាក់គ្នា ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការភ័ន្តច្រឡំក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថ្ងៃទី១៦ធ្នូ ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម អាយុ២៨ឆ្នាំ កំពុងស្ថិតក្នុងការសាកសួរពីសមត្ថកិច្ចនគរបាលជំនាញ។
ជនសង្ស័យ អ៊ឹង ហ៊ុម គឺជាពលរដ្ឋដែលរស់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
សូមរំលឹកថា ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម ត្រូវបាននគរបាលតាមស្រាវជ្រាវក្នុងករណីបង្ហោះរូបភាពវីដេអូកាត់តក្នុងបណ្តាញសង្គម ដែលចោទថា មាន ជនជាតិចិនមួយក្រុមកាន់កាំបិត ដាវដូចក្នុងភាពយន្តចិនហុងកុង ដែលខ្សែវីដេអូនោះ បានបង្កអោយមានការភ័ន្តច្រឡំពីសាធារណមតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា វីដេអូនេះ មានការកាត់តរូបភាពក្នុងចេតនាបំពុលបរិយាកាសសង្គម បង្កអោយមានការភ័ន្តច្រឡំ និងបង្កើតអោយមានការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា ។
សមត្ថកិច្ចនគរបាលជំនាញ បានចាប់ដកហូតវត្ថុតាងរួមមានទូរស័ព្ទ ០១ គ្រឿង កុំព្យូទ័រ ០១ គ្រឿង និងកុំព្យូទ័រយួរដៃ ០២ គ្រឿង ស៊ីមកាត metfone ជាច្រើន និង ឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន។
ជនសង្ស័យបានសារភាពប្រាប់នគរបាលថា គោលបំណងក្នុងការបង្ហោះវីដេអូនោះគឺដើម្បីឲ្យការផលិតខ្សែវីដេអូរបស់ខ្លួននោះ ត្រូវបានគេចាប់អារម្មណ៍ដើម្បីការស្វែងរកចុច ( Like) ចែករំលែក (Share) ដើម្បីជនសង្ស័យបានចំណូលពីបណ្ដាញសង្គមហ្វេសប៊ុក និង Google ឲ្យបានច្រើន។ ជនសង្ស័យនិយាយថា ការផលិតខ្សែវីដេអូនេះ គឺដោយសារតែពលរដ្ឋខ្មែរបច្ចុប្បន្នកំពុងតែចាប់អារម្មណ៍នឹងសកម្មភាពជនជាតិចិនក្នុងប្រទេសកម្ពុជា៕