ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីសាកសួរអស់រយៈជាច្រើនម៉ោង ពាក់ព័ន្ធនិងករណីចោទប្រកាន់ថា បានបង្ហោះឃ្លីបវីដេអូក្លែងក្លាយស្ដីពីក្រុមជនជាតិចិនកាន់ដាវកាប់ចាក់គ្នានៅកណ្ដាលផ្លូវធ្វើឲ្យមានការភ័នច្រឡំថា ជាទិដ្ធភាពនៅកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៧ ខែធ្នូ បានចេញដីការសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ពាក់ពន្ធករណីកាត់ត និងបង្ហោះរូបភាពវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា មានជនជាតិចិនមួយក្រុមកាន់កាំបិត ដាវ ដេញកាប់ចាក់គ្នាដូចរឿងហុងកុង ដែលជាហេតុការមួយកើតឡើងនៅក្នុងអាណាចក្រខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នពេញចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងក្លែងលិខិតសាធារណៈ និងប្រើឯកសារក្លែង។
សូមរំលឹកថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៥ ធ្នូ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕