ឆ្នាំ​២០១៨ កម្ពុជា​នាំចូល​ជីគីមី​កសិកម្ម​ជាង​១​លាន​តោន និង​ថ្នាំ​គីមី​ពុល ៥​ម៉ឺន​តោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចូល​ជីគីមី​កសិកម្ម​ជាង ១​លាន​តោន​សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម និង​ថ្នាំ​គីមី​ពុល​ប្រមាណ ៥​ម៉ឺន​តោន កើន​លើស​ឆ្នាំមុន​។​

​លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៨ ជីគីមី ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​ស្របច្បាប់​សម្រាប់​យកមក​ប្រើ​លើ​ដំណាំ​កសិកម្ម​ទូទៅ​មាន​ប្រមាណ​ជាង ១​លាន​តោន គឺ​ច្រើនជាង​ឆ្នាំ​២០១៧ ប្រមាណ ១​ម៉ឺន​តោន ចំណែក​ថ្នាំ​គីមី​ពុល​មាន​ប្រមាន ៥​ម៉ឺន​តោន គឺ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំ​២០១៧​។​

​លោក ភុំ រ៉ា​បញ្ជាក់ថា នេះ គ្រាន់តែ​ចំនួន​បរិមាណ​នាំចូល​របស់​ក្រុមហ៊ុន​ស្របច្បាប់ ដែល មាន អាជ្ញា​បណ្ណ​តែប៉ុណ្ណោះ ពោល​គឺអាច​នៅមាន​ថ្នាំពុល និង​ជីគីមី ជាច្រើន​តោន​ទៀត ត្រូវបាន​នាំចូល​ដោយ​ឥត​ច្បាប់​តាម​ច្រកព្រំដែន​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​មានច្បាប់​នាំចូល​មាន​ប្រមាណ ១០០​ក្រុមហ៊ុន តែ​អាចមាន​ប្រមាណ ៥០​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​រកស៊ី​នាំចូល​ច្រើន និង​សកម្ម​ជាងគេ ក្រៅពីនេះ​រកស៊ី​នាំចូល​តិចតួច​គ្រាន់តែ​កុំឱ្យ​បាត់​អាជ្ញាប័ណ្ណ​តែប៉ុណ្ណោះ​៕