ស្វាយរៀង ៖ មន្ទីរសម្រាកព្យាបាល សោភ័ណ អូវ៉ាង នៅក្រុងបាវិត ដែលគ្មានច្បាប់អនុញ្ញាត និងធ្លាប់ព្យាបាលបណ្តាលឲ្យអ្នកជំងឺស្លាប់ ត្រូវបានមន្ត្រីស្ថាប័នចម្រុះចុះបិទមិនឲ្យដំណើរការជាបណ្តោះអាសន្ន។
មន្ទីរសម្រាកព្យាបាល សោភ័ណ អូវ៉ាង នៅក្រុងបាវិត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១៨ នេះ ត្រូវបានលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័ចុះបិទ ដោយសារពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត និងចាក់ថ្នាំបណ្តាលអោយអ្នកជំងឺស្លាប់។
ការចុះបិទមន្ទីសម្រាកព្យាបាលនេះបានធ្វើឡើង ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន និងជាមន្ត្រីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាល និងមានការចូលរួមសហការពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
គួររំឮកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានកោះហៅម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង ម្តងរួចមកហើយ ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត មកបំភ្លឺ និងបង់ប្រាក់ផាកពិន័យ រួមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ។ ប៉ុន្តែម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវា ដែលហាក់ដូចជាមិនអើពើនឹងច្បាប់ទម្លាប់បន្តិចណាសោះ៕