ព្រះវិហារ ៖ តុលាការខេត្តព្រះវិហារ ដ៏មហិមានៃយើង ត្រូវបានសង្ស័យថា កំពុងតែធ្វើឲ្យរាស្ត្រវិលក្បុង ឡប់ខួរ លែងចង់មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅក្នុងខេត្តនេះអស់ហើយ ដោយសារថា មេជួញដូរគ្រឿងញៀនទាំងមូល ត្រូវតុលាការចេញដីកាសម្រេចមិនឃុំខ្លួន តែបែរជាឃុំខ្លួនអ្នកសេពគ្រឿងញៀនទៅវិញ តើនេះឬ ដែលគេថា តុលាការខេត្តព្រះវិហារ ដ៏មានយុត្តិធម៌ ?តាមពិតទៅ វាជានីតិវិធីរបស់តុលាការមួយនេះ ខាងព័ត៌មានគ្មានអ្វីពាក់ព័ន្ធឡើយ ចង់ខាងតុលាការសម្រេចឃុំខ្លួន ឬដោះលែងនរណាក៏បាន ពីព្រោះវាជាឆន្ទានុសិទ្ធិផ្តាច់មុខទៅហើយ។
គិតដល់ចំណុចនេះ គេនឹកខ្លោចចិត្តអាណិតដល់កងកម្លាំងសមត្ថកិច្ចមួយចំនួន ដែលខិតខំទាំងត្រដរ ប្រឹងប្រែងមិនគិតយប់ថ្ងៃ នឿយហត់ លំបាក គ្រោះថ្នាក់អ្វីឡើយ ធ្វើយ៉ាងណាចាប់ឲ្យបានពួកមេខ្លោងទុច្ចរិតជួញដូរគ្រឿងញៀន ដែល បំផ្លាញគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៃរាជរដ្ឋាភិបាល។ ប៉ុន្តែនៅពេលកម្លាំងចាប់បាន ហើយកសាងសំណុំរឿងបញ្ជូនដល់ដៃពួកតុលាការ មិនបានប៉ុន្មានផង ស្រាប់តែលេចមុខពួកជនទុច្ចរិតទាំងនោះ ចេញមកធ្វើសកម្មភាពជួញដូរ ដូចអាដែលជាដដែល។ តើនរណាមិនឆ្ងល់ឬ? តើរាស្ត្រទន់ខ្សោយរំពឹងទៅលើយុត្តិធម៌បានដោយរបៀបម៉េចទៅ បើម្លឹងៗ។
គេនៅចាំបានថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចាប់ខ្លួនជនសង្ស័យចំនួន៨នាក់ ករណីចែកចាយ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត សេត្តព្រះវិហារ។
ជនសង្ស័យទី១.ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២.ឈ្មោះ ឌី ធារុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត, ទី៣.ឈ្មោះ រឿន ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់បន្លែ, ទី៤.ឈ្មោះ ទៀប សុធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ, ទី៥.ឈ្មោះ ផន អ៊ិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ, ទី៦.ឈ្មោះ ម៉ៅ ភារិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ គោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត, ទី៧.ឈ្មោះ មាន បាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសិប្បកម្ម និងទី៨.ឈ្មោះ សួ រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្រោយឆែកឆេរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច ម៉ូតូចំនួន ១គ្រឿង ទូរស័ព្ទដៃចំនួន ២គ្រឿង និងសម្ភារៈសម្រាប់ជក់ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ហើយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការខេត្តព្រះវិហារ ។
ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក ទៀប ស៊ីថា បានសម្រេចដោះលែងឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ឲ្យនៅ ក្រៅឃុំបណ្ដោះអាសន្ន ពោលគឺមិនឃុំខ្លួន ដែលរាស្ត្រស្គាល់ច្បាស់ថា ជននេះជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងមាំទាំម្នាក់ ចេញមកបន្តរកស៊ីយ៉ាងរំភើយ ដូចបាយឡុកបាយឡទៅវិញ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ នៅថ្ងៃទី១៩ ខែធ្នូ ភ្នាក់ងារអង្គភាពសារព័ត៌មាន មិនអាចទាក់ទងទៅខាងតុលាការខេត្តព្រះវិហារ បានឡើយដោយសារគ្មានលេខទូរស័ព្ទ ដើម្បីស្នើសុំបក ស្រាយសំណួរថា តើហេតុអ្វីបានជាមេចែកចាយគ្រឿងញៀនទាំងមូល តុលាការសម្រេចមិនឃុំខ្លួន រីឯអ្នកផ្សេងទៀត ដែលត្រូវចាប់ខ្លួនជាមួយគ្នា បែរជាជាប់ឃុំ ខណៈសមត្ថកិច្ចអះអាងថា អ្នកកំពុងត្រូវជាប់ឃុំទាំងនោះ ជាជនសេពគ្រឿងញៀន ឬអាចហៅបានថា ជន រងគ្រោះគ្រឿងញៀន៕