កំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងនោះជនរងគ្រោះ ត្រូវបានគេស្គាល់ថា ជាអភិបាលរងខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្តប៉ៃលិន។
ករណីគ្រោះថ្នាក់ខាងលើបានលើបានកើតឡើង កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត 104-105 ស្ថិតនៅក្នុងភូមិថ្មកែវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះទី១-ប៉ុក ណាឌី អាយុ៤៩ឆ្នាំ ភេទស្រី ជាអភិបាលរងខេត្តបន្ទាយមានជ័យ(របួសធ្ងន់), ទី២-សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ភេទស្រី អភិបាលរងខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣-ឈ្មោះ គីន ណាំចូក ភេទប្រុស អាយុ២៥ឆ្នាំ បានរងរបួសធ្ងន់ ជាកូនប្រុសអភិបាលរងប៉ៃលិន និងជាអ្នកបើកបររថយន្តម៉ាកលុចស៊ីស ជីអេស៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-8971 មានទិសដៅពីខេត្តបន្ទាយមានជ័យ មកភ្នំពេញ។
យោងតាមរបាយការណ៍បន្តថា មុនពេលកើតហេតុរថយន្តខាងលើ បានបើកបរទិសដៅពីខេត្ត មករាជធានីភ្នំពេញ លុះពេលមកដល់កន្លែងកើតហេតុ រថយន្តខាងលើបានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក សាំយុង និងបន្តទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ចំណែកសាកសពយកមកដំកល់នៅមន្ទីរពេទ្យបង្អែកខេត្ត។ មធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចជំនាញវាស់វែង យកមករក្សាទុកនៅអធិការស្រុក ដើម្បីចាត់ការតាមនីតិវិធី៕