ភ្នំពេញ ៖ យោងតាមហ្វេសបុក ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ឲ្យដឹងថា សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្ត្រីពាក់ព័ន្ធនឹងអគ្គិសនីឲ្យចុះជាបន្ទាន់ដោះស្រាយតម្លៃភ្លើងនៅតាមទីផ្សារឲ្យមានតម្លៃដូចរាជរដ្ឋាភិបាលបានកំណត់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បញ្ជាក់ថា “សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្ត្រីពាក់ព័ន្ធនឹងអគ្គិសនីឲ្យចុះជាបន្ទាន់ដោះស្រាយតម្លៃភ្លើងនៅតាមទីផ្សារឲ្យមានតម្លៃដូចរាជរដ្ឋាភិបាលបានកំណត់”។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីនៅតាមផ្សារមួយចំនួន តម្លៃភ្លើងរដ្ឋថ្លៃ១៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី១៧ ធ្នូ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ចុះតម្លៃ។ សម្តេចបន្តថា ប្រជា ពលរដ្ឋដែលប្រើប្រាស់អគ្គិសនី ចាប់១គីឡូវ៉ាត់ដល់ ១០គីឡូវ៉ាត់ក្នុងមួយខែ ហើយត្រូវបង់ថ្លៃ ៤៨០រៀលនោះ នឹងត្រូវបញ្ចុះតម្លៃមកបង់ត្រឹម ៣៨០រៀល។ចំណែកពលរដ្ឋប្រើប្រាស់ពី១១ ដល់ ៥០គីឡូវ៉ាត់មួយខែ ដែលត្រូវបង់ថ្លៃ ៦១០រៀល ត្រូវបញ្ចុះថ្លៃមកត្រឹម៤៨០រៀលវិញ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០៕