ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារលិខិតចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០១៨ ដែលប្រារព្ធឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
ក្នុងសារលិខិតសម្តេចបានលើកឡើងថា វេទិកានិពន្ធនាយកឆ្នាំ២០១៨ បានលើកយកប្រធានស្តីពី «ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» គឺពិតជាមានសារៈសំខាន់ណាស់ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោកទាំងមូលកំពុងប្រឈម និងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងការប្រើប្រាសព័ត៌មានក្លែងក្លាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គមដែលប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្នបានធ្វើឲ្យពិភពលោកមានភាពចលាចល ច្របូកច្របល់ និងកំពុងជួបបញ្ហាអសន្តិសុខដ៏គួរឲ្យព្រួយបារម្ភ។
ជាមួយគ្នានោះសម្តេចក៏បានកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះបងប្អូនអ្នកសារ ព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនដែលបានខិតខំពុះពាររាល់ការលំបាកបំពេញ ការងាររបស់យ៉ាងសកម្មប្រកបដោយភាពស្មោះត្រង់តាមវិជ្ជាជីវៈ និងមានការទទួលខុស ត្រូវខ្ពស់ក្នុងផ្សព្វផ្សាយ។
សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិ សេរីភាព ខាងសារព័ត៌មាន សេរីភាពខាងបញ្ចេញមតិស្រមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន និងបានផ្តល់អាទិភាពចម្បងនៅក្នុងកម្មវិធីនយោបាយរបស់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទាំងក្នុងដំណាក់កាលទី៣ និងដំណាក់កាលទី៤។
សម្តេចបន្តថា រាជរដ្ឋាភិបាលត្រូវការនូវសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ គឺទាមទារឲ្យអ្នកសារព័ត៌មានស្តាប់គ្រប់សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត។
ជាមួយគ្នានោះសម្តេចក៏សូមអំពាវនាវជាថ្មីដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិដែលកំពុងបំពេញបេសកកម្មក្នុងវិស័យព័ត៌មានក្នុងព្រះរាជា ណាចក្រកម្ពុជាសូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និងជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានតែមួយជ្រុងដោយសារតែគំនុំដោយពុំគិតពីក្បួនខ្នាតក្រឹត្យក្រមនៃសារព័ត៌មាន ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ញុះញង់ឲ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឲ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឲ្យកើតជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឲ្យអន្តរាយដល់ប្រទេសជាតិដែលជាអំពើខុសច្បាប់ដែលមិនអាចអត់ឱនឲ្យជាដាច់ខាត៕
ខ្លឹមសារទាំងស្រុងសូមអានសារលិខិតខាងក្រោម ៖