ភ្នំពេញ ៖ ក្រុមជនជាតិចិនប្រព្រឹត្តបទល្មើសចាប់ជំរិត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការណ៍ ជាមួយនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវហើយ ឈានទៅបំបែកសំបុក្រក្រសោបបានជនសង្ស័យជាជន ជាតិចិន ចំនួន ១៤នាក់ និង រំដោះជនរងគ្រោះ ដែលជាជនជាតិចិន ដូចគ្នាបានដោយសុវត្ថិភាព ហើយដកហូតបានកាំភ្លើងខ្លីម៉ាកឡុកមួយដើម ខ្នោះ ដំបងឆក់ និងកំព្យូទ័រ ជាច្រើនគ្រឿង។
ការបង្ក្រាបក្រុមចាប់ជំរិត នេះធ្វើឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ទី ២៣ ខែធ្នូឆ្នាំ ២០១៨ នៅចំណុច ផ្សារ ហ័រលាន ដែលមានទីតាំង នៅតាមវិថីអង្គរខាងជើង អតីតរង្វង់មូលខាំកូធីស៊ី ប្រមាណ១០០ម៉ែត្រ ក្នុងភូមិ ពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ហើយបាន បញ្ចប់ប្រតិបត្តិការនៅវេលាម៉ោង ៤ និង ៣៥នាទី រសៀល ។
ប្រតិបត្តិការ នេះដឹកនាំនិងបញ្ជាផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ ទោកើត ប៊ុន ណា អនុ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការសម្របសម្រួល ពីលោក លី សុផាន់ណា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមសហការពីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ នគបាលខណ្ឌ ចំការមន និងនគរបាលខណ្ឌឬស្សីកែវ និងអាជ្ញាធរមូលដ្ឋានផងដែរ។
តាមព័ត៌មានអោយដឹងថា ការឈានទៅបង្ក្រាបនិងឃាតខ្លួន ក្រុមចាប់ជំរិត បន្ទាប់ពីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះជាជនជាតិចិន បានទៅដាក់ពាក្យ បណ្តឹងនៅគរបាលក្រសួង មហាផ្ទៃ ហើយ បើកការស្រាវជ្រាវ ដោយអោយ ជនរងគ្រោះយកប្រាក់ទៅប្រគល់អោយ ក្រុមចាប់ជំរិតឈានទៅក្រសោបបានទាំងសំបុក្រតែម្តង ។
តាមព័ត៌មានអោយ ជនសង្ស័យសុទ្ធតែជនជាតិចិន បានធ្វើសកម្មភាព ចាប់ជំរិត ជនជាតិគ្នា ឯងកាលពីវេលាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ បន្ទាប់ពីជនរងគ្រោះ ធ្វើដំណើរពីផ្ទះនៅក្នុងសង្កាត់ទន្លេបាសាក់ ទៅជួបក្រុមជនសង្ស័យ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុង ខណ្ឌពោធិ៍សែនជ័យ ។បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យក៍បាននាំជនរងគ្រោះយកទៅឃុំ ឃាំងក្នុងផ្សារហ័រលានដែលមានកំពស់៤ជាន់ក្នុងទីតាំងខាងលើ រួចក៍បានទូរស័ព្ទទៅស្ត្រីជាប្រពន្ធទារប្រាក់។
តាមព័ត៌មានអោយដឹងថា នៅក្នុងសកម្មភាពក្រុមជនសង្ស័យ បានជំរិតទារប្រាក់ចំនួន ៨០ម៉ឺន ដុល្លារ ហើយត្រូវក្រុមគ្រួសារទៅប្តឹងសមត្ថកិច្ចបើកការស្រាវជ្រាវបង្ក្រាបតែម្តង បន្ទាប់ ជនរងគ្រោះក៍បានយកប្រាក់ចំនួន ៣ពាន់ដុល្លារ អោយជនសង្ស័យ និងបានធ្វើលិខិតធ្វើជាជំពាក់ប្រាក់បន្ថែមទៀត ដើម្បីផ្ញើអោយក្រុមគ្រួសារផ្ញើប្រាក់មកអោយ ហើយ ត្រូវបានកម្លាំងនសំរុកចូលឃាត់ខ្លួនតែម្តង។
ទោះបីជាយ៉ាងណា នគរបាលពុំបានផ្តល់ព័ត៌មានលំអិតជុំវិញការបង្ក្រាបក្រុមចាប់ជំរិតនោះទេ។ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលបញ្ចូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងបន្តចាត់ការតាមច្បាប់៕