កំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ នឹង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៥.៦០៦នាក់មកពីរោងចក្រសហ គ្រាសចំនួន២២ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ពិធីនេះធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល។
បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រសហគ្រាសគ្រឹះស្ថានចំនួន៤៦៤ មានកម្មករ និយោជិតសរុប ១៥៥.១៣៨ នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២លានដុល្លារ ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៧០មានកម្មករ និយោជិតចំនួន ១៣៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារ ក្នុងមួយឆ្នាំ។
គួរជម្រាបថា នេះគឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨។ អំឡុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ៣៦លើកដែលមានចំនួនសរុបប្រមាណ ៥៩៦.១១៩នាក់៕