បង់សំណាញ់ជាប់កាំជ្រួចបាញ់យន្តហោះពីសម័យសង្គ្រាមក្នុងទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់
កំពង់ចាម ៖ កាំជ្រួចបាញ់យន្តហោះ មួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈបង់សំណាញ់យកត្រី តាមដងទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ នេះ។
លោក ហេង រតនា បញ្ជាក់ថា កាំជ្រួចនេះ ជាប្រភេទ FFAR WDU 13/A ដែលបានប្រើក្នុងអំឡុងសង្គ្រាមទស្សវត្សទី៧០។ គ្រាប់កាំជ្រួចនេះ មានម្ជុលដែកគោលចំនួន ៧០០គ្រាប់។
ជាមួយគ្នានេះ លោក ហេង រតនា ក៏បានស្នើឱ្យប្រជាពលរដ្ឋសហការជាមួយប៉ូលិស និងអាជ្ញាធរ មូលដ្ឋាន រួមទាំងកម្លាំងជំនាញរបស់ស៊ីម៉ាក់ ក្នុងករណីជួបប្រទះនឹងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕ ដោយ ៖ សុផល