ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ ត្រូវទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមនិស្សិតនៅទី ស្តីការក្រសួង មុនពេលពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍មួយចំនួនដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សី និងពេលបញ្ចប់ការសិក្សា ត្រូវជួយបម្រើសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នៅលើមុខជំនាញដែលខ្លួនបានសិក្សា ។
គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៤ មក មាននិស្សិតកម្ពុជាជិត១.០០០នាក់ហើយ ដែលបានទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាដូចជា ដូចជាផ្នែកច្បាប់ អក្សរសាស្ត្រអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈ និងមុខវិជ្ជា ជាច្រើនទៀត៕