កោះកុង ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងពង្រីកផ្លូវជាតិលេខ៤៨ (ផ្លូវបំបែកស្រែអំបិល-ទីរួមខេត្តកោះកុង) ទៅជាផ្លូវហាយវេ ៤គន្លង នាពេលអនាគត ដោយផ្លូវនេះគឺជាផ្លូវរបៀងមាត់សមុទ្រសម្រាប់ការតភ្ជាប់ពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម។ នេះបើតាមការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តកោះកុង កាលពីពាក់កណ្តាលខែធ្នូកន្លងទៅ។
សម្តេចបញ្ជាក់ថា ផ្លូវជាតិលេខ៤៨នេះ មិនអាចទុកបានត្រឹមតែជាង១០ម៉ែត្រប៉ុណ្ណឹងនោះទេ។ សម្តេចបន្តថា ពេលនេះរាជរដ្ឋាភិបាលកំពុងតែដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនគូរប្លង់ សម្រាប់ការកសាងផ្លូវនេះហើយ។
សូមជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណ ៧៥លានដុល្លារ សម្រាប់លើកកម្ពស់ផ្លូវជាតិលេខ៤៨ ទៅជាប្រភេទបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះ ៦៧លានដុល្លារជាកម្ចីរបស់សាធារណរដ្ឋកូរ៉េ និង៨លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕