ខេត្តព្រះសីហនុ ៖ ការរីកចម្រើនរបស់វិស័យសំណង់បានជំរុញឲ្យអគារខ្ពស់ៗនៅប្រទេសកម្ពុជាកើនឡើងដល់ជាង ១ ០០០ អគារ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ ដែលភាគច្រើននៃសំណង់អគារថ្មីៗត្រូវបានគេមើលឃើញមាននៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំណែក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ លោក ចេង ស្រុង បានឲ្យដឹងថា វិស័យសំណង់ក្នុង ក្នុងឆ្នាំ២០១៨នេះ បានកើនឡើងរហូតដល់ ៥៨% បើធៀបឆ្នាំ២០១៧ ដោយមានទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារសហអាមេរិក។
ទន្ទឹមគ្នានេះ លោក ចេង ស្រុង បញ្ជាក់ថា មានគម្រោងសាងសង់ចំនួន ២៩៧គម្រោង ត្រូវបានពិនិត្យ និងអនុញ្ញាតឲ្យសាងសង់។
លោក ចេង ស្រុង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា គម្រោងសាងសង់សំណង់ទាំងខាងលើនេះ គឺនៅលើ ផ្ទៃដី ១,៦៦៩,៥៣៦ម៉ែត្រការ៉េ និងមានទុន វិនិយោគជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕