ភ្នំពេញ ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
ការកំណត់ថ្ងៃប្រជុំរដ្ឋ សភា នេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំសម្រេចនាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ ពីចប់កិច្ចប្រជុំថា ច្បាប់ពីរនេះ គឺជាការកែទម្រង់ពីការបំពេញបន្ថែមនូវច្បាប់ពីមុនដែលយកទៅអនុ វត្ត ដែលនៅមានការខ្វះចន្លោះមិនទាន់បានគ្រប់ជ្រុងជ្រោយ។
លោក ឈាង វុន បន្ថែមថា «នៅមានច្បាប់មួយចំនួនទៀត ដែលត្រូវធ្វើវិសោធនកម្មជាបន្តបន្ទាប់ ពី ព្រោះដើមអាណត្តិនៃសភានីមួយៗអ្នកតំណាងរាស្ត្រត្រូវតែមើលថា តើអ្វីខ្លះដែលជាតម្រូវការសង្គម ការវិវត្តសង្គម ហើយត្រូវធ្វើការកែសម្រួលធ្វើវិសោធនកម្មទៅតាមហ្នឹង»៕