ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ ៤ ខែមករា ឆ្នាំ២០១៩ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តបែកខាងក្រោម និងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ ៣មករា ធាតុអាកាសត្រជាក់បន្តកើតមាននៅ តែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។
ក្រសួងធនធានទឹក ក៏បានអំពាវនាវឱ្យប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឱ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
គួរជម្រាបថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ ហើយនៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ PABUK (ព្យុះទី១ ប្រចាំឆ្នាំ២០១៩) ហើយព្យុះនេះ នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ៕