ភ្នំពេញ ៖ គិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករ និយោជិតជាស្ត្រីសម្រាលកូន សរុបចំនួន២៦.២១៣.៦០០.០០០រៀល ស្មើនឹងប្រមាណ ៦លាន ៥សែន ដុល្លារអាមេរិក។
តាមរបាយការណ៍កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងឆ្នាំពេញ២០១៨មានស្ត្រីសម្រាលកូនចំនួន ៦៥.០៥៤នាក់។សម្រាលបានកូនចំនួន ៦៥.៥៣៤នាក់ ក្នុងនោះស្ត្រីសម្រាលកូនភ្លោះពីរ មានចំនួន២៣៥នាក់ សម្រាលបានកូនចំនួន៤៧០នាក់ និងស្ត្រីសម្រាលកូនភ្លោះបី មានចំនួន ៥នាក់ សម្រាលបានកូនចំនួន១៥នាក់។
សូមរំលឹកថា សម្រាប់ស្ត្រីជាកម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ នឹងទទួលប្រាក់ឧបត្ថម្ភបន្ថែមដូចជា អ្នកសម្រាលបានកូនម្នាក់ទទួលបាន ៤០ម៉ឺនរៀល។កូនភ្លោះ២នាក់ ទទួលបាន ៨០ម៉ឺនរៀលនិងសម្រាលកូនភ្លោះ ៣នាក់ទទួលបាន ១លាន ២សែនរៀល៕