ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កិច្ចសហប្រតិបត្តការរវាងកងទ័ពកម្ពុជា និងក្រុមរកអដ្ឋិធាតុវៀតណាម បានរកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួនជិត ៥៩០ធាតុបន្ថែមទៀត ។ នេះបើតាម ការលើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់របស់ ឯ.ឧ.នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការពិសេសស្វែងរកអដ្ឋិធាតុបង្ហាញថា បច្ចុប្បន្ន គឺនៅសល់អដ្ឋិធាតុរបស់ជនជាតិវៀតណាមជិត៤ពាន់នាក់ទៀតនៅកម្ពុជា ដែលមិនទាន់ត្រូវបានរកឃើញនៅឡើយ ។ កម្ពុជា-វៀតណាម បានកំណត់គោលដៅបញ្ចប់ការស្វែងរកអដ្ឋិធាតុជនជាតិវៀតណាមឱ្យអស់ នៅត្រឹមឆ្នាំ២០២០។
គួរជម្រាបថា គិតមកទល់នឹងពេលនេះ ការរុករក និងប្រមូលផ្តុំអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានរកឃើញចំនួនជាង ១៧.៨៥០ អដ្ឋិធាតុ ហើយក៏បានធ្វើមាតុភូមិនិវត្តទៅកាន់ទីបញ្ចុះនៅប្រទេសវៀតណាម៕