ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣.១៤៤.៤៣៤នាក់ បានចេញដំណើរទស្សនា កម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស កើនឡើង ២៥,៧៨% បើ ធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងចំនួនភ្ញៀវទេសចរ និងប្រជាពល រដ្ឋដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសាកល ២០១៨ ឆ្លងចូល ២០១៩ ប្រមាណជាង ៣លាន នាក់ មានភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ចំនួន ៩៩.១១៨នាក់ កើនឡើង ៤១.៦០% បើធៀបទៅ នឹងឆ្នាំមុន។
របាយការណ៍ដដែល ឲ្យដឹងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយឆ្លង ឆ្នាំ នៅរាជធានីភ្នំពេញ មានប្រមាណ ២,២លាននាក់ ក្នុងនោះពួកគេបានទៅទស្សនាកម្សាន្ត នៅ « វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ» មានចំនួនប្រមាណ ២លាននាក់៕