ក្រសួង​ការងារ អំពាវនាវ​កុំ​ឲ្យ​កម្មករ​កុំ​បារម្ភ​ការទូទាត់​ប្រាក់​បំណាច់ និង​ប្រាក់​អតីតភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2019 ក+ ក-

​ភ្នំពេញ ៖ ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ស្នើ​ឲ្យ​កម្មករ​កុំ​មានការ​បារម្ភ​ទាក់ទង​នឹង​អត្ថប្រយោជន៍​របស់​កម្ម​ករ​អំឡុងពេល​នៃ​ការទូទាត់​ប្រាក់​បំណាច់ ប្រាក់​អតីតភាព និង​ជំរុញ​ឲ្យ​កម្មករ​ចៀសវាង​ការចាញ់បោក ការ​ញុះញង់​របស់​ក្រុមមនុស្ស​មួយចំនួន ។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបង្ហាញ​ថា កម្មករនិយោជិត​មាន​កិច្ចសន្យា​រយៈពេល​វែង នឹង​ទទួលបាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២ ដង​ក្នុង ១​ឆ្នាំ​គឺ ក្នុង​ខែមិថុនា និង​ខែធ្នូ​ដោយ​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមិថុនា​ឆ្នាំ ២០១៩ តទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែមថា ចំពោះ​ការទូទាត់​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​និយោជិត ដែលមាន​មុន​ឆ្នាំ ២០១៩ ក្រសួង​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​មួយ​ក្នុងការ​តម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន​អនុវត្ត​កាតព្វកិច្ច​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ។

ទន្ទឹម​នោះ​ក្នុងអំឡុងពេល​នៃ​ការទូទាត់​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​នានា​ដែល​បងប្អូន​កម្មករនិយោជិត​មាន​ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណាមួយ​មិនទាន់បាន​ទូទាត់​ជូន​បងប្អូន​កម្មករនិយោជិត​។​

​ប៉ុន្តែ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន​ដែលមាន​បំណង​ញុះញង់ បង្ក​អស្ថិរភាព​ក្នុង​សហគ្រាស​ដែល​អាច​បំផ្លាញ​ការងារ​បាន​៕