បាត់ដំបង ៖ ប្រជាការពារម្នាក់ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួននឹងកាំភ្លើង M16បាញ់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅរោងយាមមួយកន្លែងស្ថិតក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយសារជម្លោះក្នុងក្រុមគ្រួសារ យ៉ាងស្រួចស្រាវ។ នេះបើតាមការអះអាងពីសមត្ថកិច្ចមូលដ្ឋាន។
លោក សុខ សារិន អធិការស្រុកបវេលបានមឱ្យដឹងថា អត្តឃាតជននេះឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាប្រជាការពារប្រចាំភូមិ-ឃុំខាងលើ ។
លោកអធិការស្រុកបានបញ្ជាក់ថា មុនពេលកើតហេតុជននេះបានឈ្លោះទាស់ទែងជាមួយប្រពន្ធយ៉ាងស្រួចស្រាវ បន្ទាប់មកបុរសនេះ បានទៅដេកក្នុងអង្រឹងនៅរោងយាមមួយកន្លែង ហើយបានប្រើប្រាស់កាំភ្លើងវែង ម៉ាក M16 បាញ់សម្លាប់ខ្លួនឯង១គ្រាប់ ត្រូវចំត្រង់ក្រោមចង្ការ បណ្ដាលស្លាប់នៅនឹងកន្លែង។
លោកអធិការស្រុកបានដកស្រង់សំដីអ្នកជិតខាងមកបញ្ជាក់ថា ក្រុមគ្រួសារប្រជាការពារនេះតែងតែឈ្លោះគ្នារវាងប្តីប្រពន្ធមិនសូវលោះថ្ងៃទេ។
លុះពេលទៀបភ្លឺ ស្រាប់តែឮសូរគ្រាប់កាំភ្លើង១គ្រាប់ ហើយនាំគ្នារត់ទៅមើល ក៏ឃើញជននោះដេកស្លាប់ក្នុងអង្រឹងបាត់ទៅហើយ។ ចំណែកកាំភ្លើង M16 ដែលប្រជាការពារយកមកបាញ់សម្លាប់ខ្លួនសមត្ថកិច្ចមិនបានដឹងពីប្រវត្តិនៅឡើយ ហើយបានបញ្ជាក់ថាប្រជាការពារមិនមានសិទ្ធិកាន់កាំភ្លើងទេ។ ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុផល