ភ្នំពេញ ៖ សហប្រធានសមាគមផលិតអំបិល បានត្អូញត្អែរថា ការនាំអំបិលពីប្រទេសចិន ប្រមាណ ១ ម៉ឺនតោន កំពុងប្រឈមនឹងការផាកពិន័យ នៅកំពង់ផែខេត្តព្រះសីហនុ។ ករណីផាកពិន័យនេះ ដោយសារបានជាប់គាំងនៅលើកប៉ាល់ នៅក្នុងកំពង់ផែ លើសការកំណត់មួយសប្ដាហ៍ ខណៈរក កន្លែងស្តុកមិនទាន់បាន។
ប្រឈមនឹងការផាកពិន័យបែបនេះ សមាគមអ្នកផលិតអំបិលកម្ពុជា បង្ខំចិត្តលក់អំបិល នៅក្នុងតម្លៃថោកជាងទីផ្សារ គឺ១បាវ២ម៉ឺនរៀល ដើម្បីរំដោះអំបិលដែលកកស្ទះដ៏ច្រើនសន្ធឹក និងដោយសារតែគ្មានជម្រើសព្រោះតម្លៃនៃការផាកពិន័យមានតម្លៃខ្ពស់ គឺក្នុងមួយកុងតឺន័រត្រូវពិន័យ២៤០០០រៀល ដោយបង់ទៅក្រុមហ៊ុនចិន ខណៈកំពង់ផែរបស់ខ្មែរត្រូវបង់ថ្លៃពិន័យដូចគ្នាចំនួន ១២០០០រៀល។
សូមរំឭកថា វិបត្តិអំបិលនៅកម្ពុជាផ្ដើមចេញពីកត្តាអាកាសធាតុធ្វើឲ្យការផលិតអំបិលមិនទទួលបានផលគ្រប់គ្រាន់កាលពីឆ្នាំ២០០៨ ហើយជាដំណោះស្រាយសមាគម ក៏បានសម្រេចចិត្តនាំអំបិលពីប្រទេសចិន នាពេលនេះ៕