ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នីគ្នា៣នាក់ ដែលពាក់ព័ន្ធករណីប្លន់សម្លាប់យករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនោះ ត្រូវគេបញ្ជូនទៅតុលាការភ្នំពេញហើយកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ម្សិលម៉ិញ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ សោម គឹមស៊ាន អាយុ ៣៧ឆ្នាំ ជាចាងហ្វាងកាសែតសុវណ្ណនគរ និងបក្ខពួក ២នាក់ទៀត ដែលគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តឈ្មោះបូ និងឈ្មោះម៉ាប់។ចំណែកជនរងគ្រោះឈ្មោះស្រ៊ុន សុភក្រ័ ហៅលាង ជាបុគ្គលិកក្រុមហ៊ុនកាក់វៃហួរ និងជាអ្នករត់ការឯកសារឲ្យរោងចក្រកាត់ដេរ ជាមនុស្សធ្លាប់ស្គាល់គ្នាជាមួយក្រុមជនដែដល់។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ គេបានប្រទះឃើញសាកសពមួយត្រូវបានគេសម្លាប់ច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅមាត់ប្រឡាយទឹក ស្ថិតនៅក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខយ៉ាងអាថ៌កំបាំង។លុះមកដល់ថ្ងៃទី២៦ ខែឧសភា កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម គឹមស៊ាន ។
សោម គឹមស៊ាន បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភក្រ័ ហៅលាង អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន កាក់វៃហួរ និងជាអ្នករត់ឯកសារឲ្យរោងចក្រកាត់ដេរ ដោយពួកគេនិងជនរងគ្រោះគឺជា អ្នកស្គាល់គ្នា ហើយឈ្មោះម៉ាប់ជាមិត្តភ័ក្តិជិតដិតបំផុតជាមួយជនរងគ្រោះ ទើបនៅថ្ងៃទី ២២ឧសភា២០១៥ ឈ្មោះម៉ាប់បានលួងលោមជនរងគ្រោះទៅផឹកស៊ីចូលច្រៀងខារ៉ាអូខេចេរ(J) នៅម្តុំបឹងត្របែក។
សោម គឹមស៊ាន បន្តថា ឧកាសនោះពេលជនរងគ្រោះចូលបន្ទប់ទឹក ឈ្មោះម៉ាប់ បានដាក់ថ្នាំ ងង៉ុយដេកចូលក្នុងកែវស្រាជនរងគ្រោះ ហើយបន្តផឹករហូតដល់ជនរងគ្រោះស្រវឹងទន់ខ្លួនខ្លាំង ទើបពួកគេទាំង៤នាក់ឈប់ផឹក រួចនាំគ្នាឡើងរថយន្តជនរងគ្រោះ ហើយបើករថយន្តចេញទៅ រហូតដល់កន្លែងស្ងាត់ ពួកគេនាំគ្នាធ្វើសកម្មភាព ដោយរូបគេ បានយកខ្សែលីឡុងខ្មៅរឹតកជនរងគ្រោះ ហើយឈ្មោះបូ ជាអ្នកចាំជួយ។ ក្រោយពេលសម្លាប់ហើយ ពួកគេបានយកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅចំណុចខាងលើ។
បន្ទាប់មកពួកគេបានយករថយន្តជនរងគ្រោះ ទៅបញ្ចាំនៅកុងស៊ី NAGA តែគេមិនទទួល ព្រោះរថយន្តគ្មានឯកសារ បន្ទាប់មក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ រូបខ្លួន និង ឈ្មោះបូ បានយករថយន្តនោះ ទៅបញ្ចាំ នៅកាស៊ីណូ Crown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល តែកុងស៊ីនៅទីនោះ គេមិនទទួលទៀត និងចុងក្រោយយកទៅបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីង ក្បែរកាស៊ីណូ Crown បាន ៥.០០០$ ហើយធ្វើការបែងចែកគ្នា ដោយខ្លួនបានលុយ ១.១៥០$, ឈ្មោះបូ បានលុយ ១.១០០$ និងឈ្មោះម៉ាប់ ទារចំណែកច្រើនជាងគេ គឺបាន ២.៧៥០$ ព្រោះវាជាអ្នកខំអន្ទងជនរងគ្រោះមកច្រៀងខារ៉ាអូខេ។
សមត្ថកិច្ចបានបន្តទៅដកហូតយករថយន្តជនរងគ្រោះពីកន្លែងបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីងក្បែរកាស៊ីណូcrown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលដែលជាវត្ថុតាង និងបានប្រគល់ទៅឲ្យគ្រួសារសពជនរងគ្រោះវិញហើយ ចំណែកជនដៃដល់ផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ K