ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ផ្តើមគ្រប់គ្រងសំណង់ទាំងអស់ឲ្យមានប្រព័ន្ធចម្រោះទឹកស្អុយ ហើយណែនាំឲ្យមន្ត្រីក្រោមឱវាទ មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសាងសង់ ត្រូវភ្ជាប់ជាមួយឯកសារសំខាន់១ គឺប្លង់គំរូប្រព័ន្ធលូសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ជាមុនសិន ទើបក្រសួងអនុញ្ញាតចេញច្បាប់សាងសង់។
ការធ្វើដូច្នេះ គឺដើម្បីការពារកុំឲ្យទឹកកខ្វក់ ហូរចូលដោយផ្ទាល់ទៅក្នុងទន្លេ ស្ទឹង បឹងបួរ និងសមុទ្រ នាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរដែលបានទៅងូតទឹកលេងកម្សាន្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ប្រសិនបើប្រធានមន្ទីរ ឬមន្ត្រីក្រោមឱវាទរូបណា ហ៊ានចុះហត្ថលេខាដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធចម្រោះទឹកស្អុយនេះ នឹងត្រូវប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់៕