ឈ្មួញ​រិះគន់​លោក សាំង ណន មេ​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត យ៉ាង​ចាស់ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2019 ក+ ក-

​ប៉ោយប៉ែត ៖ លោក សាំង ណន កំពុង​រង​កា​រិះគន់ថា បាន​យក​តួនាទី​ជា​មេគ​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​ផ្លូវ​៥០​ភូមិ​កូនដំរី​ស សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ​ ឃុ​ប​ឃិ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​នោះឡើយ ខណៈ ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​រថយន្ត​តូច ធំ ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​។ នេះ​បើតាម​ការបញ្ជាក់ ពី​មន្ត្រី​ព្រំដែន​មួយរូប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រភពព័ត៌មាន​នេះ បាន​ឲ្យ​ដឹងថា នៅពេល​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បន្តិចបន្តួច គឺ​ត្រូវ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​យ៉ាង​ចាស់ដៃ​មិន​លើកលែង​ឡើយ​។​សួ​ម្បី​តែ​ក្រុម​ឈ្មួញ​ដឹក​ត្រី​ក្លាសេ​តាម​រថយន្ត​ពី​ប្រ​ទេ​ថៃ​ចូលមក​កម្ពុជា​យកទៅ​ធ្វើ​ម្ហូប​ឬ​ឲ្យ​ក្រពើរ​ស៊ី​ក៏​ក្រុម​គយ​ចល័ត​របស់លោក​សាំង​ណន​សក​ទាក់​ចាប់​បង់ប្រាក់​ដែរ បច្ចុប្បន្ន​លោក សាំង ណន កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​វិក្កយបត្រ ឬ​គល់បញ្ជី​សំរាប់​បញ្ជាក់​ពី​ចំណូល​ចូល​រដ្ឋ​នោះទេ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ទោះបីជា​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់ប្រាក់​ក្រោម​តុ ដែល​ក្រុម​លោក​គយ​ហៅថា លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក សម្រាប់​ទុក​ជូន​លោក សាំង ណន ដែរ បើ​មិន​ដូច្នេះ​ទេ គឺ​មិនអាច​ដឹក​ឆ្លង​កាត់មុខ​លោក​បាន​ដោយ​ងាយ​នោះឡើយ​។

​ព័ត៌មាន​ដែល​ទទួលបាន​ពី​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ថ្នាក់លើ​កំពុង​ពិនិត្យ ករណី​លោក សាំង ណន ដែល​ល្បីល្បាញ​ថា កំពុង​បង្កើន​សកម្មភាព​គាប​យកលុយ​ពី​ឈ្មួញ​យ៉ាង​ចាស់ដៃ​តាម​រូបភាព​ផ្សេងៗ ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បើកដៃ​ឲ្យ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​បញ្ជូន​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​ពុំមាន​វិក្កយបត្រ ឬ​បិទ​តែម​កំណត់សំគាល់​ការបង់ពន្ធ​ជូន​រដ្ឋ​នោះឡើយ ហើយ​បើទោះជា​មានការ​បង់ពន្ធ ក៏​ទំហំ​ទឹកប្រាក់​មិន​ត្រឹមត្រូវ​តាម​ចំនួន​មុខទំនិញ​នោះដែរ គឺ​គេ​ហៅថា បន្លំ​តម្លៃ​ពន្ធ​តែម្តង​។​

​ប្រភព​នេះ​បន្ថែមថា ក្រុមមន្ត្រី​គយ​ក្រោម​ឱវាទ​របស់លោក សាំង ណន កំពុង​បង្កើន​ភាពអនាធិបតេយ្យ ខណ​:​ក្រុម​ឈ្មួញ​ដឹកទំនិញ​ឆ្លងកាត់​កុងត្រូល​ដោយ​ខកខាន​មិនបាន​ចូល​បង់ប្រាក់ គឺ​លោក សាំង ណន បាន​បញ្ជា​ឲ្យ​កូនចៅ​បើករថយន្ត​ប្រដេញ​ដូច​ដេញ​ចាប់ចោរ​ប្រសេចប្រសាច មិន​ថា​យប់ មិន​ថា​ថ្ងៃ​ទេ ធ្វើ​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ រិះគន់​តិះដៀល​ពេញមាត់ៗ​ថា លោក​គយ សាំង ណន ដ៏​មហិមា សកម្ម​នឹង​ការងារ​ខ្លាំងណាស់ តែ​មិនមែន​យកលុយ​ចូល​រដ្ឋ​ទេ គឺ​ចូល​ហោប៉ៅ​។​

​ប្រភពព័ត៌មាន​បន្តថា ករណីខ្លះ លោក សាំង ណន បាន​បញ្ជា​ឲ្យ​កូនចៅ រាប់​ក្បាល​ឡានក្រុង​ដែល​ដឹក​ផ្លែឈើ​ចេញពី​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់​ស្នាក់ការ​គយ​ចល័ត ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​ចំនួន ២០​ម៉ឺន​រៀល​។ ចំណែក​រថយន្ត​ប្រភេទ សាំ​យ៉ុង ចំនួន​១០​ម៉ឺន​រៀល រីឯ​រថយន្ត​ម៉ាក​កាមរី ពីរ​៥​ម៉ឺន​រៀល ឡើងទៅ​។

​ប្រភព​ដដែល​បន្តថា បច្ចុប្បន្ននេះ នៅ​ក្រុង​ប៉ោយប៉ែត មាន​កុងត្រូល​តាម​ដងផ្លូវ​ជាតិ​ជាច្រើន​កន្លែង​មាន ដូចជា គយ​ចល័ត នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ថ្នាក់​ក្រសួង ដែល​លប​ដាក់​ក្នុង​ពេលយប់ ហើយ​បង្ខំ​ទារប្រាក់​ក្រៅច្បាប់​ពី​ក្បាល​ឡាន​ដឹកទំនិញ និង​ផ្លែឈើ​យ៉ាង​ចាស់ដៃ គ្មាន​ស្តាប់​ការ​អង្វរក​របស់​អាជីវក​រ​ឡើយ ហើយ​បើទោះបីជា បាន​បង់ពន្ធ​រួចហើយ​ក្តី ក៏​ចៀស​មិន​ផុត​លោក​គយ​តម្រូវ​ឲ្យ​បង់លុយ​ក្រោម​តុ ជា​ថ្លៃ​បាយ ថ្លៃ​ទឺ​ក​តែ សម្រាប់​ជូន​ក្រុម​គយ​លោក សាំង ណន ដែរ​។​

នៅ​រសៀល​ថ្ងៃទី​៥ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការពន្យល់​ពី​លោក សាំង ណន បានទេ ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើនេះ ។ យ៉ាងណាក៏ដោយ មេគង្គ​ប៉ុស្តិ៍ រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​៕