ខេត្តក្រចេះ៖ ចាប់រថយន្ដសាំងយ៉ុងដឹកឈើចំនួន៣គ្រឿង ដែលប៉ុនប៉ងដឹកចេញទៅប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ចាប់ប្រគល់រដ្ឋបាលព្រៃឈើចាត់ការតាមផ្លូវច្បាប់។
ករណីចាប់ឃាត់រថយន្តដឹកឈើនេះ ធ្វើឡើងនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដោយរថយន្ដចំនួន២គ្រឿង ឃាត់នៅចំណុច ឃុំបុសលាវ និង១គ្រឿងទៀត ឃាត់នៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា រថយន្ដ២គ្រឿងនគរបាលសេដ្ឋកិច្ចជាអ្នកឃាត់ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ និង១គ្រឿងទៀតនគរបាលសេដ្ឋកិច្ចសហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបាន។ រថយន្ដទាំងនោះ ដឹកទ្វារបង្អួច ដឹកឈើកកោះ ឈើធ្នង់ជាច្រើនសន្លឹក និង១គ្រឿងទៀតដឹកឈើឈ្លីក។
មន្ត្រីរដ្ឋបាលព្រៃឈើរូបនោះបន្ដទៀតថា បច្ចុប្បន្នរថយន្ដទាំង៣គ្រឿងនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕