ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ អាជ្ញាធរស្រុកជាំក្សាន្តខេត្តព្រះវិហារ និងអាជ្ញាធរស្រុកណាំយឺន ខេត្តអ៊ូប៊ុន ប្រទេសថៃក្នុងកិច្ចប្រជុំមួយបានឯកភាពគ្នានៅច្រកអានសេះ ។បន្ទាប់ពីមានការប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលភាគីថៃ បានបិទមិនឲ្យទំនិញ២៣មុខ របស់កម្ពុជា ចូលទៅលក់ក្នុងផ្សារថៃ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តតំណាងលោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារនិងមានការចូលរួមពីសំណាក់មន្ត្រីនិងសមត្ថកិច្ចពាក់ពន្ធជាច្រើនរូបទៀត។ ចំណែកភាគីថៃ ដឹកនាំដោយលោក វរសេនីយ៍វិឆីតម៉ាត់ការុនមេបញ្ជាការទិសទី១និងមានការចូលរួមពីលោកស៊ុមឆៃបូរណៈអភិបាលស្រុកណាំយឺន ព្រមទាំងមន្ត្រី និងកងកម្លាំងជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនេះភាគីថៃបានអនុញ្ញាតឲ្យអាជីវករខ្មែរនាំមើមខ្ទឹមសនិងខ្ទឹមក្រហមចូលទៅលក់ក្នុងផ្សារថៃក្នុងម្នាក់ៗ៣គីឡូក្រាម, ផ្លែល្ពៅអាចយកទៅលក់ក្នុងម្នាក់ៗ១០គីឡូក្រាម។ ដោយឡែក ទំនិញដែលមានតម្លៃចាប់ពី៥ម៉ឺនបាតត្រូវសុំច្បាប់គយឲ្យបានត្រឹមត្រូវ។
លើសពីនេះភាគីថៃបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលមានជំងឺត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថៃអាចធ្វើការទំនាក់ទំនងជាមួយមន្ត្រីប្រចាំការ នៅមាត់ច្រក។ គេអាចជូនទៅ២៤ម៉ោង រីឯអ្នកដែលមានលិខិតណាត់ជួបជាមួយពេទ្យ ត្រូវដាក់ឯកសារនៅមាត់ច្រកឲ្យបានមួយអាទិត្យមុន។ស្របជាមួយនិងការកំណត់ក្នុងការនាំទំនិញចូលប្រទេសថៃនោះភាគីកម្ពុជាក៏បានធ្វើការកំណត់ឲ្យប្រជាពលរដ្ឋអាចនាំសត្វមាន់រស់ក្នុងម្នាក់១០គីឡូក្រាមចូលមកកម្ពុជានិងផ្លែដូងក្នុងម្នាក់មួយធ្លាយផងដែរ។
លោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថាច្រកអានសេះជាច្រកតំបន់មួយដែលអាចឲ្យប្រជាពលរដ្ឋនៅជាប់ព្រំដែនទាំងពីរអាចធ្វើការដោះដូរទំនិញគ្នាទៅវិញទៅមកដើម្បីលើកស្ទួយជីវភាពគ្រួសារ។កន្លងមកភាគីកម្ពុជាតែងតែមានការយោគយល់ចំពោះប្រជាពលរដ្ឋនៅជាប់ព្រំដែនប្រទេសទាំងពីរដោយមិនយកបញ្ហាច្បាប់មកអនុវត្តន៍អ្វីឲ្យហួសហេតុទេ។ករណីនេះលោកក៏បានស្នើឲ្យភាគីថៃ ត្រូវមានការយោគយល់ដែរ ទើបប្រជាពលរដ្ឋនៅតំបន់ព្រំដែននេះមានភាពសុខដុម និងគ្នា។
ដោយឡែកបងប្អូនជាជីវករនៅផ្សារអានសេះបានសំដែងនូវការសប្បាយរីករាយចំពោះអាជ្ញាធរខេត្តព្រះវិហារក៏ដូចជាអាជ្ញាធរស្រុកជាំក្សាន្តដែលបានខិតខំរកដំណោះស្រាយជូនពួកគាត់៕