បន្ទាយមានជ័យ ៖ បច្ចុប្បន្ននេះ ថៃកំពុងប្រមូលទិញធ្យូងពីស្រុកខ្មែរ ដែលធ្វើអោយធ្យូងមានហាងឆេង និងកំពុងសម្រុកនាំចេញទាំងឡានៗ តាមច្រករបៀងព្រំដែន និងច្រកតំបន់។ក្នុងនោះ ច្រកតំបន់បឹងត្រកួន នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏ត្រូវគេមើលឃើញថា ជាច្រកដ៏សំខាន់សម្រាប់នាំចេញធ្យូងធំជាងគេក្នុងខេត្តជាប់ព្រំដែនថៃ។
ប្រភពដែលអាចជឿទុកចិត្ត បាននិយាយថា មានជាជីវករប្រមាណពីរទៅបីនាក់ ដែលរស់នៅក្បែរ ច្រកបឹងត្រកួន ងាក់មកប្រមូលទិញធ្យូងជំនួសដំឡូងវិញ ស្របពេលដែលទីផ្សារធ្យូងនៅក្នុងប្រទេសថៃ ត្រូវបានគេមើលឃើញថា កំពុងមានហាងឆេងកប់ពពក។
ដោយហាងឆេងល្អនេះហើយ ទើបធ្វើអោយឈ្មួញខាងលើបង្ខំចិត្តសម្រុកនាំចេញធ្យូងក្នុងមួយថ្ងៃតាមររយៈរថយន្តតូចធំរាប់សិបគ្រឿង ទោះបីជាត្រូវបង់សមត្ថកិច្ចទាំងអស់ និងមេស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកួន អស់ច្រើនប៉ុណ្ណាក៏ដោយ។
ទាក់ទងនឹងការរត់ការបង់ថ្លៃនាំចេញនេះដែរប្រភពដដែល ក៏បាននិយាយថា ដើម្បីនាំចេញធ្យូងអោយបានចេញទៅលក់នៅប្រទេសថៃ អ្នករត់ការបានចំណាយលុយអស់ប្រមាណ ៧៥០០បាត ទៅ៨០០០បាត ក្នុងរថយន្តធ្យូងមួយគ្រឿង អោយទៅក្រុមសមត្ថកិច្ចដែលមានតួនាទីឈរជើងនៅមាត់ច្រក និងប្រធានស្នាក់ការត្រួតពិនិត្យច្រក ដើម្បីជាថ្នូរនឹងការបើកភ្លើងខៀវ។
ចំពោះអ្នករត់ការបង់លុយទៅសមត្ថកិច្ចត្រូវបានគេប្រាប់ថា មានសមាសភាពបុគ្គលពីរនាក់ ទី១ ឈ្មោះ ចេត សោម ជាមន្ត្រីអាវុធហត្ថមានតួនាទីជាអនុស្នាក់ការប្រចាំច្រកបឹងត្រកួន និងម្នាក់ទៀតឈ្មោះ ចែ ស៊ីនួន អតីតថៅកែសៃឡូតិ៍ដ៏ល្បីប្រចាំច្រកនេះផងដែរ។ អ្នកទាំងពីរនេះ តាមប្រភពបានបញ្ជាក់ថា កំពុងតែមានការប្រេះឆា ជ្រេម៉ូយគ្នា ដើម្បីរត់ការដោយឈ្មោះ ចេត សោម យកតម្លៃរត់ការសម្រាប់បង់សមត្ថកិច្ចក្នុងមួយឡាន ៨០០០បាត រីឯចែ ស៊ីនួន យកត្រឹមតែ ៧៥០០បាត។
ជួបជាមួយអ្នកយកព័ត៌មាន មេគង្គប៉ុស្តិ៍ តាមទូរសព្ទ័នាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នេះ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកួន បាននិយាយថា លោក អត់បានដឹងទេជុំវិញការបើកអោយមានការនាំចេញធ្យូងយ៉ាងគំហុគនេះ ព្រោះលោកជាប់រវល់នៅភ្នំពេញ។
ទោះជាមានការឆ្លើយយករួចខ្លួនពីសំណាក់ប្រធានច្រកយ៉ាងនេះក្តី ក៏ប្រភពជាច្រើនអះអាងថា បើមិនមានការបើកភ្លើងខៀវពីមេច្រក និងស្ថាប័នពាក់ពន្ធ័ទេរថយន្តដឹកធ្យូងទាំងអស់មិនអាចនាំចេញបានដោយរលូនដែរ៕