សម្តេច ហ៊ុន សែន ប្រកាស​បើក​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ដើម្បី​អភិវឌ្ឍន៍​ប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បើកទូលាយ​សម្រាប់​កិច្ច សន្ទនា​ដ៏​ស្មោះស ជាមួយ​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់ ដើម្បី​ប្រមែប្រមូល​គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព ដោយ​គ្មាន​ការបែងចែក​រើសអើង ដើម្បី​បង្កើន​កម្លាំង​សរុប​នៅក្នុង​កិច្ច​ការកសាង និង​អភិវឌ្ឍន៍​ជាតិ​។​

​ថ្លែង​នៅក្នុង​មហា​មិ​ទ្ទិញ​អបអរសាទរ​ទិវា​ខួប​៤០​ឆ្នាំ នៃ​ជ័យជម្នះ​៧ មករា នៅ​ពហុ​គី​ឡ​ដ្ឋា​ន​ជាតិ អូឡាំពិក សម្តេច​បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា រាជរដ្ឋាភិបាល នឹង​សម្រេចបាន​នូវ​គោលដៅ​ដ៏​ឧ​ត្តុ​ង្គ ឧ​ត្ត​ម គឺ​ការកសាង​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ក្លាយទៅជា​ប្រទេស​ជឿនលឿន​មួយ និង​ជា​សង្គម​ប្រកបដោយ​អរិយធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម​វិនាសកម្ម អំពើ​ប្រល័យពូជសាសន៍ និង​គ្មាន​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀតឡើយ​៕