ប៉ារីស ៖ លោក អេឌូអាត ហ្វីលីព នាយករដ្ឋមន្ត្រីបារាំង ( Edouard Philippe) បានប្រកាសផែនការបង្ក្រាប ក៏ដូចជាដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមបាតុករទាំងឡាយណា ដែលធ្វើបាតុកម្មតវ៉ាដោយគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីចលនាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេល៧សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩នេះ។
លោក Edouard Philippe ធ្វើការព្រមានបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍បារាំង TF1 នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីបារាំងរូបនេះបានគូសបញ្ជាក់ថាសមាជិកកងកម្លាំងសន្តិសុខ៨ម៉ឺននាក់នឹងត្រូវបានដាក់ពង្រាយសម្រាប់រលកនៃការធ្វើបាតុកម្មបន្ទាប់ទៀតដែលគេរំពឹងកើតឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជារដ្ឋាភិបាលបារាំងបានលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈ តាមការចង់បានរបស់ក្រុមបាតុករក៏ដោយ។
លោកថ្លែងដូច្នេះថា «អាជ្ញាធរបារាំងនឹងចាត់វិធានការថ្មីៗនានា ក្នុងនោះរួមមានទាំងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ និងប្រើកម្លាំងបាយដើម្បីបង្ក្រាបអ្នកទាំងឡាយណាដែលចូលរួមនៅក្នុងបាតុកម្មដ៏ហិង្សា ឬគ្មានច្បាប់អនុញ្ញាត»។ ប៉ុន្តែទន្ទឹមគ្នា លោក Philippe ក៏បានអះអាងដែរថា អាជ្ញាធរបារាំងនឹងនៅតែរក្សាការពារសេរីភាពបញ្ចេញមតិ ហើយថា អ្នកដែលធ្វើការតវ៉ាដោយសន្តិវិធីនឹងមិនត្រូវបានដាក់ទោសដោយច្បាប់ឡើយ។
គួរបញ្ជាក់ថា គិតចាប់តាំងពីបាតុកម្មប្រឆាំងនឹងសាំងឡើងថ្លៃរបស់ក្រុមបាតុករអាវកាក់ពណ៌លឿង ផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨មក និងបានបណ្តាលឲ្យមនុស្ស០៦នាក់បាត់បង់ជីវិត និង១,៤០០នាក់របួស៕