ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សធ្លាប់ស្និទស្នាលបំផុតជាមួយលោក សម រង្ស៊ី បានប្រកាសថា លោកនឹងចូលបំភ្លឺតាមការ កោះហៅរបស់ តុលាការរាជធានីលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ។
លោក គង់ គាំ បានឲ្យដឹងថា លោកនឹងមិនរុញរានោះទេ ក្នុងការចូលបំភ្លឺ ដើម្បីផ្តល់ចម្លើយ ពិតក្នុងនាមជាសាក្សីនៅតុលាការទាក់ទងសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ ។
សូមបញ្ជាក់ថា ក្រុមមេធាវីរបស់លោក កឹម សុខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ បានដាក់សំណើជាថ្មីទៅកាន់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ តែសាលា ដំបូងរាជធានីភ្នំពេញ បានបដិសេធពាក្យស្នើសុំនេះ។
នៅក្នុងដីកាសម្រេចដោយបដិសេធរបស់តុលាការ បានបង្ហាញថា សំណុំរឿងលោក កឹម សុខា ស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ។ ចៅក្រមស៊ើបសួរត្រូវចាត់និតិវិធី ដើម្បីស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានពេញលេញ និងគ្រប់គ្រាន់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន ហើយថា សំណុំរឿងលោក កឹម សុខា កំពុងដំណើរការទៅមុខដើម្បីប្រមូលភស្តុតាងបន្ថែម។
ទាក់ទងសំណុំរឿងលោក កឹម សុខា នេះដែរ លោកគង់ គាំ ជាសាក្សីថ្មីមួយរូបទៀត ដែលជាអតីតសមាជិកជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ទើបនឹងត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ មករា ខាងមុខនេះ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ លោកអាចនឹងត្រូវជាប់ ពន្ធនាគារពី ១៥ឆ្នាំ ដល់៣០ឆ្នាំ។ តែមកដល់ពេលនេះ តុលាការនៅមិនទាន់ធ្វើការចោទ ប្រកាន់ យ៉ាងណានៅឡើយទេ ខណៈមជ្ឈដ្ឋាននានា រួមទាំងសហគមន៍អន្តរជាតិផង បានទទូចដល់អាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទទាំងអស់លើលោក កឹម សុខា៕