ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារដើម្បីសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការ បើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ដែលមានសមាសភាព សមាជិកចំនួន១០នាក់ ។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធ ស្តីពីការសម្រេចបើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ។ ក្រុមការងារនេះ ត្រូវមានភារកិច្ចពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីកិច្ចដំណើរការក្នុងការបើកច្រកទ្វារព្រំដែន ដែលបានសម្រេច ផងដែរ។
ក្រុមការងារនេះ ក៏ត្រូវសម្របសម្រួលពិភាក្សា និងចរចាជាមួយភាគីបណ្តាប្រទេសជាប់ព្រំដែនជាមួយកម្ពុជា ដើម្បីជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែន ដូចដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ដោយចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែននីមួយៗ ដើម្បីស្វែងរកដំណោះស្រាយសមស្រប៕