ខេត្តកោះកុង៖ ករណីកាប់ប្លន់សម្លាប់ស្ត្រីចំណាស់ម្នាក់យកទ្រព្យសម្បត្តិ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានតែស្ត្រីជាអ្នកជិតខាងម្នាក់ប៉ុណ្ណោះ ជាអ្នកប្រព្រឹត្តមិនជាប់ពាក់ព័ន្ធកូនស្រីរួមជាមួយសង្សារទេ។នេះបើតាមអះអាងរបស់គ្រួសារជនរងគ្រោះ។
សេចក្តីរាយរណ៍ពីខេត្តកោះកុងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នេះ ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការ ប៉ុន្តែមិនទាន់ដឹងថា កូនស្រីបង្កើតរបស់ជនរងគ្រោះ និងសង្សារ ត្រូវតុលាការដោះលែងមកវិញឬយ៉ាណានោះទេ ព្រោះបើតាមស្ត្រីម្នាក់ឈ្មោះ ជា មុំ រស់នៅផ្ទះជិតគ្នា បានសារភាពប្រាប់សមត្ថកិច្ចពីទង្វើរបស់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មខាងលើនេះដែលអាចចាត់ទុកថា គឺមានតែស្ត្រី ជា មុំ តែម្នាក់ប៉ុណ្ណោះធ្វើអំពើដ៏ឃោរឃៅនោះ។
ជនសង្ស័យបីនាក់ ដែលសមត្ថកិច្ចបានឃុំខ្លួននោះ គឺ១.ឈ្មោះ ជា មុំ ភេទស្រី អាយុ៥៣ឆ្នាំ ជាអ្នករស់នៅជិតខាងគ្នា។ ២.ឈ្មោះ ណៃ ស៊ីម ភេទស្រី អាយុ៣១ឆ្នាំ ដែលត្រូវជាកូនស្រីបង្កើតរបស់ស្រី្តរងគ្រោះ និង៣.ឈ្មោះ កុសល អេងអភិវឌ្ឍន៍ អាយុ២៤ឆ្នាំ ត្រូវជាសង្សាស្រី្តឈ្មោះ ណៃ ស៊ីម ដែលលក់ឥវ៉ាន់ នៅតូបជិតគ្នា
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ម៉េង សៃ ត្រូវជនដៃដល់ ចូលទៅកាប់ដល់ក្នុងផ្ទះនឹងពូថៅ រហូតស្លាប់ក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិ៤ សង្កាត់ស្ទឹងវែង ដោយប្លន់យកមាសជាង ១០តម្លឹង និងលុយមួយចំនួនទៀតផង។
ក្រោយពេលកើតហេតុភ្លាមៗ ព័ត៌មានស្តីពីអំពើឃាតកម្មដ៏ឃោរឃៅខាងលើនេះ ត្រូវបានគេផ្សព្ធផ្សាយយ៉ាងច្របូកច្របល់ ខ្លះបានលើកឡើងថា ឃាតករគឺជាកូនស្រីបង្កើតជនរងគ្រោះ បានរួមដៃជាមួយសង្សារសម្លាប់ម្តាយរបស់ខ្លួនប្លន់យកមាស និងលុយកាក់ ហើយបង្វែរឿងនេះបង្កដោយក្រុមចោរប្លន់ផ្សេងទៅវិញ។ប៉ុន្តែថ្ងៃនេះគេរាយការណ៍ថា ជនត្រូវចោទជាឃាតករគឺជាអ្នករស់នៅជិតខាងទៅវិញ។
ទោះបីជាយ៉ាងនេះក្តី ក៏នៅតែស្រពេចស្រពិលនៅឡើយ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី១ មិថុនា នេះ គ្មានប្រភពណាផ្សេងទៀតហ៊ានអះអាងច្បាស់លាស់លើសពីនេះឡើយ៕K