ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែមករា នេះ បានបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចម្ងាយជាង១៩០គីឡូម៉ែត្រ អាច បើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ ខណៈអ្នកបច្ចេកទេស-វិស្វកម្មចិនប្រហែល២០០នាក់ បានមកដល់កម្ពុជាហើយ ចំណែកគ្រឿងចក្រដែលមានតម្លៃប្រមាណ១០០លានដុល្លារ នឹងមកដល់នៅចុងខែមករា ខាងមុខនេះ។
ទោះជាយ៉ាងនេះក្តី លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់បានដោះស្រាយផលប៉ះពាល់បញ្ហាដីធ្លីរួចរាល់នៅឡើយ ដោយក្រសួងសាធារណការ កំពុងតែរៀបចំជំរុញការារនេះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអាចបើកការដ្ឋានបាន។
សូមជម្រាបថា ផ្លូវល្បឿនលឿននេះ ប្រវែងជាង១៩០គីឡូម៉ែត្រ មានទទឹង ២៤,៥ម៉ែត្រ មានគន្លង សម្រាប់ម៉ូតូ សម្រាប់ថ្មើរជើង មានសួននៅអ័កកណ្តាលទ្រូងផ្លូវ និងមានស្ពាន ៨៩កន្លែង ដោយ គ្រោងចំណាយថវិកាប្រមាណ ១.៩០០លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)៕