បន្ទាយមានជ័យ៖មន្ត្រីនគរបាលការពារ ព្រំដែនកម្ពុជាបានរាយការណ៍នាព្រឹកម៉ិញថា ថៃនៅតែបន្តយកគ្រឿងច្រកមកភ្ជួរស្រែក្នុងតំបន់ហាមឃាត់តាមបន្ទាត់ព្រំដែនដែលស្ថិតនៅជិតបង្គោលសីមាលេខ៤៣ ក្នុងខេត្ត បន្ទាយមានជ័យដដែល។
សេចក្ដីរាយការណ៍ពីមន្ត្រីនគរបាលការពារ ព្រំដែនកម្ពុជា ខេត្តបន្ទាយ មានជ័យ បានបញ្ជាក់ថា កសិករថៃ បានយកត្រាក់ទ័រចំនួន ១គ្រឿងចូលមកភ្ជួរស្រែក្នុងតំបន់ហាមឃាត់ តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះពួកគេបានភ្ជួរស្រែអស់ផ្ទៃដីប្រមាណជិត ១៣ហិកតា ហើយ បើទោះបីជាថ្មីៗនេះអាជ្ញាធរកម្ពុជាបានចុះទៅពន្យល់ និងហាមឃាត់នៅចំពោះមុខកម្លាំងការពារព្រំដែនថៃរួចហើយក្តី។
មន្ត្រីនគរបាលការពារព្រំដែនកម្ពុជា បានបន្តថា តំបន់នោះ មិនទាន់មានការដោះស្រាយ នោះឡើយ ដូច្នេះបើមិនទាន់មានការឯកភាពគ្នាទេគឺភាគីទាំងពីរមិនអាចធ្វើអ្វីលើទីតាំងនេះបានឡើយ។
គួរបញ្ជាក់ថា ទីតាំងដែលថៃចូលមកភ្ជួរស្រែនោះ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ប្រឈមនឹងភូមិមិម៉ាក់មូន ឃុំឃោគស៊ូង ស្រុកគោកធ្យូង ខេត្ដស្រះកែវ ប្រទេសថៃ៕K