ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើសេចក្តីព្រៀងបញ្ចប់អនុក្រឹត្យ ពាក់ព័ន្ធនឹងការលក់ស្លាកលេខពិសេសយានយន្ត ដែលអនុក្រឹត្យនេះ នឹងបើកផ្លូវឲ្យម្ចាស់កម្មសិទ្ធិរថយន្ត អាចលក់រថយន្តរបស់ខ្លួនដល់អ្នកថ្មី ដោយមិនបាច់លក់ស្លាកលេខរថយន្តរបស់ខ្លួននោះទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃ ទី៩ ខែមករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន បញ្ជាក់ថា ក្នុងពេលឆាប់ខាងមុខ អនុក្រឹត្យពាក់ព័ន្ធនឹងការលក់រថយន្តដែលមានស្លាកលេខពិសេស នឹងត្រូវរៀបចំរួចរាល់ដោយ អនុក្រឹត្យនោះ នឹងមិនតម្រូវឲ្យម្ចាស់រថយន្តប្រគល់ស្លាកលេខពិសេស ទៅឲ្យម្ចាស់ថ្មី នោះទេ៕