ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងនឹងចាប់ផ្ដើមសាងសង់ប្រឡាយជាបេតុងប្រវែង ៣៨១,២គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន៥ គឺខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និងខេត្តកំពត ដែលជាគម្រោង សម្រាប់ពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើបនៃវិស័យកសិកម្ម នៅក្នុងអំឡុងត្រីមាសទី៣ ឬទី៤ នៃឆ្នាំ២០១៩ខាងមុខនេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមអ្នក បច្ចេកទេសរបស់ក្រសួងធនធានទឹក រួមជាមួយនិងអ្នកបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្ដើមចុះពិនិត្យ និងវាយតម្លៃរួមគ្នាលើគម្រោងពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើបនេះ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IAIP) ដែលរដ្ឋាភិបាលកម្ពុជាបានស្នើឡើងនាពេលកន្លងមក។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ក្រសួងធនធានទឹកធ្លាប់បានចុះផ្សាយ អំពីជំនួបរវាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងគណៈប្រតិភូADB ដែលពិភាក្សា គ្នាជុំវិញគម្រោង Irrigated Agriculture Improvement Project (IAIP) ដោយគ្រោងនឹងសាង សង់ប្រឡាយទឹកចាក់បេតុង នៅក្នុងខេត្តចំនួន៥ ហើយធនាគារអភិវឌ្ឍន៍អាស៊ី នឹងចាប់ផ្ដើមផ្ដល់ ថវិកា ឱ្យរដ្ឋាភិបាលកម្ពុជា លើគម្រោងនេះ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាបន្តបន្ទាប់ នៅពេលខាងមុខ៕