ភ្នំពេញ ៖ ពិធីជួបសំណេះសំណាលរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៣ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែមករា នៅមជ្ឈមណ្ឌលកោះពេជ្រ។
ក្នុងពិធីជួបជុំអ្នកសារព័ត៌មានលើកទី៣នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ សំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ស្នើសុំឲ្យអ្នកសារព័ត៌មានបានបញ្ចេញមតិ ឬលើកជាយោបល់ ជូនប្រមុខរដ្ឋាភិបាលផ្ទាល់តែម្ដង។តែយ៉ាងណាក៏ដោយ លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួង ព័ត៌មាន បានបញ្ជាក់ ថា សំណើរបស់លោករដ្ឋមន្ដ្រីព័ត៌មាន រហូតមកដល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយតបពីខាងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ ។ ប៉ុន្ដែលោកក៏បានបញ្ជាក់ដែរថា ការផ្ដល់ឱកាសនេះ ស្ថិតនៅលើវេលាជាក់ស្ដែងនៅក្នុងកម្មវិធីផ្ទាល់។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលប្រមុខរដ្ឋាភិបាល បានរៀបចំពិធីជួបជុំអ្នកសារព័ត៌មាន ក្របខណ្ឌទូទាំងប្រទេស ខណៈអ្នកសារព័ត៌មានចំនួន ៤.៦០០នាក់ បានចុះបញ្ជីសុំបណ្ណចូលរួម៕